ខេត្តព្រះសីហនុ បើកព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមប្រធាន បទ(កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា) នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង

ព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមប្រធានបទ”កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” បានប្រារព្ធធ្វើឡើងនៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា«តារារ:នាទិសនិរតី» ហើយក៏ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។ព្រឹត្តិការណ៍នេះអនុវត្តតាមផែនការប្រចាំឆ្នាំរបស់មន្ទីរទេសចរណ៍ ជាពិសេសគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ដោយ មានការគាំទ្រនិងអនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ ដូចនេះហើយមន្ទីរទេសចរណ៍បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងក្រុម ហ៊ុន យូនីគ មេឌា និងក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ។ ពិធីនេះមានការអអញ្ជើញជាគណៈអធិបតីពីឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខា ធិការ នៃក្រសួងទេសចរណ៍ និងលោក សាមុត សុធារិទ្ធ អភិបាល រងខេត្តព្រះសីហនុ និងវត្តមានលោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ ដែករៀបចំធ្វើឡើងនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថានៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះមានរយៈពេល ៥ថ្ងៃ ក្នុងគោលបំណងជំរុញយុទ្ធ សាស្ត្រការផ្សព្វផ្សាយទេស ចរណ៍ ក្នុងរដូវកាលបៃតងនៅគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូច ជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយក្នុងនោះក៏មានការប្រគុំតន្រ្តី និងការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ម្ហូបអាហារ រួមទាំងផលិតផលចម្រុះ និងសកម្មភាពកីឡាមួយ ចំនួន គឺដើម្បីបង្កើតការទាក់ទាញគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ហើយមានការគាំទ្រយកចិត្តទុកដាក់ ក្នុងនាមមន្ទីរទេសចរណ៍ខេត្តគឺជាសេនា ធិការឱ្យរដ្ឋបាលខេត្តព្រះសីហនុតែងតែសហការជាមួយវិស័យឯកជន និងអង្គភាពពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ទាក់ទាញផ្សេងៗក្នុងមួយឆ្នាំ ៧-៨ ព្រឹត្តិការណ៍ ដូចនេះក្នុងឆ្នាំ ២០២៥នេះ ដើម្បីចូលរួមជំរុញយុទ្ធសាស្ត្រការផ្សព្វផ្សាយទេសចរណ៍ក្នុងរដូវកាលបៃតងនាពេលនេះមន្ទីរទេសចរណ៍បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ចំនួន២ គឺព្រឹត្តិការណ៍កីឡាទេសចរណ៍នាថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥នៅទីលានតេជោក្រុងព្រះសីហនុនិងព្រឹត្តិការណ៍កីឡាទេសចរណ៍នៅថ្ងៃទី ២៩-៣១ ខែតុលា ឆ្នាំ២០២៥នៅក្រុងកោះរ៉ុង ។

លោក សាមុត សុធារិទ្ធ អភិបាល រងខេត្តព្រះសីហនុ បានថ្លែង អំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍នេះឡើងអមដោយការប្រកួតកីឡារត់ប្រណាំង ការប្រកួតកីឡាប្រណាំងកង់ភ្នំ ការតាំងពិព័រណ៍ផលិតផលចម្រុះ និងការប្រគំតន្ត្រីសម័យ ក្នុងគោលបំណងជំរុញយុទ្ធសាស្ត្រការទាក់ទាញទេសចរណ៍ ក្នុងរដូវកាលបៃតងនៅគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ជាមួយគ្នានោះផងដែររាជរដ្ឋាភិបាលបានគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តយុទ្ធនាការ«រដូវកាលបៃតង»ដែលជាគំនិតផ្ដួចផ្ដើមទីផ្សារទេសចរណ៍ ដោយផ្ដោតលើភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក រួមទាំងការរំលេចនូវទេសភាពស្រស់ត្រកាល  វប្បធម៌ដ៏សម្បូរបែប និងបរិយា កាសប្រកបដោយសុខសន្តិភាពរបស់ប្រទេសកម្ពុជា ព្រមទាំងការប្ដូរឈ្មោះរដូវមូសុងជាពេលវេលាដ៏ល្អសម្រាប់ទស្សនាប្រទេស  ជាពិសេសខិតខំជំរុញការធ្វើឲ្យប្រសើរឡើងនៅសេវាកម្មក្នុងវិស័យទេសចរណ៍ដូចជា ការធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ សេវាកម្សាន្តផ្សេងៗ រួមទាំងសកម្មភាពវប្បធម៌ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ដែលជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ច ដោយស្មារតីស្រឡាញ់រាប់អាន សហ ប្រតិបត្តិការល្អ និងចូលរួមកាន់តែខ្លាំងក្លាថែមទៀតដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អដើម្បីធ្វើឲ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។

សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នាពេល នេះមានការតាំងពិព័រណ៍ផលិត ផលចម្រុះប្រមាណ ១៣០ស្តង់ និងការប្រគំតន្ត្រី រីឯសកម្មភាពកីឡាមានការរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ក្រោមប្រធានបទ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងការប្រណាំងកង់ភ្នំចម្ងាយ ៣០គីឡូម៉ែត្រ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍” ការប្រកួតបាល់ទះលើឆ្នេរខ្សាច់បុរសពីរទល់ពីរ ក្រោមប្រធានបទ”ម្នាក់ៗជាអ្នកផ្សព្វ ផ្សាយទេសចរណ៍កម្ពុជាម្នាក់ ” រួមទាំងមានការប្រកួតបាល់ទាត់លើតុ និងការប្រកួតប្រដាល់គុនខ្មែរផងដែរ។