ខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល សម្រាប់គម្រោងវិនិយោគ ចំនួន ៤១២ ជាមួយទុនវិនិយោគប្រមាណ ៧ ៩០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤-២០២៥ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ
នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ នាក្រុងព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោក លោកស្រី តំណាងក្រសួង–ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ ឆ្នាំ គឺ ២០២៤–២០២៥, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។ ដោយឡែក ក្នុងឆ្នាំ ២០២៥,ក្រុមការងារ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង, ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី)ចំនួន ៩០ គម្រោង, ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ ។ល។ ក្រៅពីនេះ, ក្រុមការងារបានអនុវត្តវិធានការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និង ការចូលរួមយ៉ាងសកម្ម របស់ក្រសួង–ស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និង លទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះ រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែល និង បន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និង ជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និងរោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង–ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ ។
ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានដាក់ចេញទិសដៅការងារបន្ត ក្នុងឆ្នាំ ២០២៦ និង ២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង–ស្ថាប័ន និង រដ្ឋបាលខេត្ត ។
សូមជម្រាបជូនថា សម្រាប់រយៈពេល ២ ឆ្នាំ (២០២៤–២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស, គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩%,និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨% ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណចំពោះ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិច្ចសហការខ្ពស់, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង–ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុនិង លេខាធិការដ្ឋានក្រុមការងារ ដែលបានបំពេញបេសកកម្ម យ៉ាងសកម្មនិង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេល ២ ឆ្នាំ(២០២៤–២០២៥) កន្លងមកនេះ ។ លទ្ធផលដែលសម្រេចបាននេះ,ជាពិសេស ការដោះស្រាយគម្រោងអគារជាប់គាំង និង ការកសាងទំនុកចិត្តជូនវិនិយោគិន គឺកើតចេញពីកិច្ចសហការគ្នាជាធ្លុងមួយ ដែលក្នុងនោះក្រសួង–ស្ថាប័ន បានផ្តល់ការអនុគ្រោះ និង ភាពបត់បែន, រដ្ឋបាលខេត្ត បានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង យ៉ាងមានប្រសិទ្ធភាព, និង លេខាធិការដ្ឋានក្រុមការងារ បានដើរតួជាសេនាធិការនិង ច្រកចេញចូលតែមួយយ៉ាងសកម្ម ៕



