ខេត្តព្រះសីហនុបន្តពង្រឹងកិច្ចការពារផ្លូវច្បាប់ និងសេវាសុខាភិបាល ដើម្បីសិទ្ធិស្ត្រីនិងកុមារ !

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រីនិងកុមារ និងការឆ្លើយតបសេវាក្នុងវិស័យសុខាភិបាល»។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត, លោកស្រី សៅ កាន់ ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួង កិច្ចការនារី។

លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះមានគោលដៅចងក្រងមន្ត្រីបង្គោលមកពីគ្រប់វិស័យពាក់ព័ន្ធ រួមមាន៖
• វិស័យយុត្តិធម៌៖ ព្រះរាជអាជ្ញា ចៅក្រម មេធាវី និងនគរបាល។
• វិស័យសុខាភិបាល៖ មន្ត្រីពេទ្យបង្អែក និងមណ្ឌលសុខភាព។
• អាជ្ញាធរមូលដ្ឋាន៖ មន្ត្រីកិច្ចការនារី អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ និងអង្គការសង្គមស៊ីវិល។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងបានលើកឡើងថា ការគាំទ្រនៅដំណាក់កាលដំបូងគឺជា «ចំណុចរបត់» ដ៏សំខាន់បំផុតសម្រាប់ជនរងគ្រោះ។ ការផ្តល់សេវាថែទាំប្រកបដោយការយល់ចិត្ត និងទាន់ពេលវេលា នឹងជួយឱ្យជនរងគ្រោះមានសង្ឃឹម និងមានភាពក្លាហានក្នុងការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ និងសុខាភិបាល។

វគ្គបណ្តុះបណ្តាលក៏បានផ្ដោតសំខាន់លើចំណុចគន្លឹះចំនួន ២ គឺ៖
1. ការគាំទ្រផ្លូវចិត្ត៖ ជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់ទាំងជនរងគ្រោះ និងអ្នកផ្តល់សេវា។
2. សមភាពក្នុងការទទួលបានសេវា៖ ជនរងគ្រោះគ្រប់រូបត្រូវទទួលបានការការពារដោយស្មើភាព មិនត្រូវមានការរើសអើងដោយសារ ជាតិពន្ធុ សាសនា វណ្ណៈ ពិការភាព អាយុ ឬចំណង់ចំណូលចិត្តផ្លូវភេទឡើយ។
ជាកិច្ចបញ្ចប់ លោកស្រីអភិបាលរងខេត្ត បានជម្រុញឱ្យសិក្ខាកាមទាំងអស់ដែលជាមន្ត្រីអនុវត្តច្បាប់ និងអ្នកផ្តល់សេវា ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កិច្ចការពារសិទ្ធិស្ត្រី និងកុមារក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ ម៉ារ៉ាឌី