ខេត្តព្រះសីហនុទាក់ទាញគម្រោងរោងចក្រថ្មីចំនួន២ បង្កើតការងារ និងជំរុញការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រថ្មីចំនួន ០២ បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
គម្រោងវិនិយោគរោងចក្រទាំងពីរនោះ រួមមាន៖
១. ក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក (BEST CHOICE TOOLS CO., LTD.)
ផលិតផលសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ធ្វើអំពីដែក (ប៉ែល ចបជិក ចបកាប់ ផ្លែរនាស់ និងដង្កៀប)។ ទុនវិនិយោគ ទុនចុះបញ្ជី ៤.០០០.០០០ ដុល្លារ (ទុនវិនិយោគជាក់ស្តែង ២.៧២៧.៣៤៨,៦៨ ដុល្លារ)។ ម្ចាស់ភាគហ៊ុន វិនិយោគិនចិន (លោក ZHANG YONG កាន់កាប់ ៨០% និងលោក LIU CUNKAI កាន់កាប់ ២០%)។ ស្ថានភាពសង្វាក់ផលិតកម្ម បានចាប់ផ្តើមដំណើរការផលិតកម្មតាំងពីខែកុម្ភៈ ឆ្នាំ២០២៦ លើផ្ទៃដីអគារជួលទំហំ ១០.០០០ ម៉ែត្រការ៉េ។ ទីផ្សារ និងកម្លាំងពលកម្ម នាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ត្រូវការកម្លាំងពលកម្មសរុបចំនួន ១៨៧នាក់ (ក្នុងស្រុក ១៨០នាក់ និងបរទេស ៧នាក់) នៅពេលដំណើរការពេញសមត្ថភាព។
២. ក្រុមហ៊ុន សូរីង ខមហ្វត ធូល ឯ.ក (SOAING COMFORT TOOLS CO., LTD.)
ផលិតផលសម្ភារៈប្រើប្រាស់ធ្វើពីប្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) ដែលជាដៃគូបំពេញបន្ថែមឱ្យរោងចក្រទីមួយ។ ទុនវិនិយោគ ទុនចុះបញ្ជី ២.០០០.០០០ ដុល្លារ (ទុនវិនិយោគជាក់ស្តែង ៣.៣៧៧.៥៨៤,១៦ ដុល្លារ)។ ម្ចាស់ភាគហ៊ុនលោក LYU QINGQING សញ្ជាតិចិន (កាន់កាប់ភាគហ៊ុន ១០០%)។ ស្ថានភាពសង្វាក់ផលិតកម្ម កំពុងដំឡើងគ្រឿងម៉ាស៊ីនក្នុងខែឧសភានេះ និងគ្រោងចាប់ផ្តើមសង្វាក់ផលិតកម្មនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ លើផ្ទៃដីអគារជួលទំហំ ៣.០០០ ម៉ែត្រការ៉េ។ ទីផ្សារ និងកម្លាំងពលកម្ម នាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក។ ត្រូវការកម្លាំងពលកម្មសរុប ៤១នាក់ (ក្នុងស្រុក ៣៦នាក់ និងបរទេស ៥នាក់) ពេលពេញសមត្ថភាព។
គម្រោងទាំងពីរនេះ ត្រូវបានទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទទួលបានការលើកលែងថ្លៃសេវាសាធារណៈលើការចុះបញ្ជីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមគោលការណ៍លើកទឹកចិត្តរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ាង ស៊ីណេត បានដាក់ចេញនូវការណែនាំដាច់ខាតដល់ម្ចាស់រោងចក្រទាំងពីរ ដើម្បីឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ផ្នែកបរិស្ថាន ត្រូវដាំដើមឈើ និងស្មៅបង្កើតរោងចក្របៃតង ដើម្បីជាម្លប់ និងជួយដល់បរិស្ថាន។ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវបំផុត ចៀសវាងដាច់ខាតការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថានឆ្នេរ។ ការតភ្ជាប់ចរន្តអគ្គិសនី ត្រូវរៀបចំតភ្ជាប់បណ្តាញអគ្គិសនីទៅតាមឈ្មោះក្រុមហ៊ុនរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងពង្រីកទំហំប្រើប្រាស់ទៅថ្ងៃអនាគត។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងវិនិយោគទាំងពីរនេះពិតជាមានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដែលមិនត្រឹមតែជួយជំរុញផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕
អត្ថបទ ៖ ស្រីមុំ



