ភ្នំពេញ ៖ ខេត្តចំនួន៧ គឺ កណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ ទទួលបានគម្រោងចំនួន១២ ក្នុង ទុនវិនិយោគសរុបប្រមាណ១២៨លានដុល្លារ។ នេះបើតាមការបញ្ជាក់ ពីគណៈកម្មាធិការវិនិយោគនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២មិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយ ពិនិត្យលើសំណើសុំចុះបញ្ជីគម្រោង វិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា គម្រោងទាំង១២នេះអាចបង្កើតការងារបានប្រមាណ៤,៦ពាន់កន្លែងដល់ប្រជាពលរដ្ឋ។ ចំពោះមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោង រួមមាន៖ ផលិតគ្រឿងសង្ហារិម និងសម្ភារបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារប្រើប្រាស់ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់-ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារអគ្គិសនី, និងផលិតសម្ភារក្មេងលេង និងសត្វចិញ្ចឹម។
រីឯវិស័យទេសចរណ៍មានចំនួន១គម្រោង គឺសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥៕