ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ៣ថ្ងៃ

ខេត្តកំពត ៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរជាង៨ម៉ឺននាក់ កើនឡើងបើធៀបនឹងឆ្នាំមុន។

បើតាមការបញ្ជាក់ពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្នុងក្រុងកំពត សរុបចំនួន ៨៨.០៧៧ នាក់ កើនឡើង ១២,៨៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥កន្លងមក ហើយក្នុងនោះ ទេសចរជាតិមាន ចំនួន ៨៤.៨៩២ នាក់ និងទេសចរបរទេស ចំនួន ៣.១៨៥ នាក់។

លោកបន្តថា មូលហេតុដែលខេត្តកំពតទាក់ទាញភ្ញៀវមកច្រើនដោយសារ ហេដ្ឋារចនាសម្ព័ន្ធល្អ ហើយខេត្តកំពតនៅជិតភ្នំពេញ មានតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងសហគមន៍ទេសចរណេ៍សំខាន់ៗដល់៤២កន្លែង មានកន្លែងស្នាក់នៅស្អាត មានផាសុកភាព ផ្សារភ្ជាប់នឹងធម្មជាតិ ពិសេសមិទ្ធផលទេចរណ៍ថ្មីៗ ក្នុងក្រុងកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត ដូចជា៖ រូបសំណាកត្រីសេះបាញ់ទឹក នាឡិកាខ្នាតធំ សួនបាញ់ទឹករាំតាមចង្វាក់ភ្លេង ឆ្នេរដ៏ស្រស់ស្អាត និងការរៀបចំភ្លើងពណ៌លម្អផ្លូវ និងផ្សារត្រីដ៏ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងញ៉ាំងឱ្យបរិយាកាសក្រុងកំពតកាន់តែមានភាពរស់រវើក និងទាក់ទាញខ្លាំងឡើង។

ចំពោះស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍៤២កន្លែង មានភាពល្អប្រសើរ ហើយការសេវាកម្មទេសចរណ៍គ្រប់ប្រភេទ បានដំណើរការទៅដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ព្រោះជាទូទៅ រាល់ពេលមានបុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ តែងតែចុះត្រួតពិនិត្យតាមរមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ សេវាស្នាក់នៅ និងទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព និងតម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណារក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃអនាគត៕