ខេត្តកោះកុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តយ៉ាងច្រើននៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦
នៅថ្ងៃដំបូង គឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ដែលបានអញ្ជើញមកលេងកម្សាន្ត និងសម្រាកលំហែកាយ ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ អាជ្ញាធរខេត្តកោះកុងបានយកចិត្តទុកដាក់លើការរៀបចំបរិយាកាសទេសចរណ៍ និងផ្ដល់ការកម្សាន្តនានា ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ដែលបានជ្រើសរើសខេត្តកោះកុងជាគោលដៅទេសចរណ៍សម្រាប់ការឈប់សម្រាករបស់ខ្លួន។
ខេត្តកោះកុង គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍យ៉ាងសម្បូរបែប ដោយតំបន់ប្រវត្តិសាស្ត្រ តំបន់ឆ្នេរសមុទ្រ កោះធម្មជាតិ រមណីយដ្ឋានទេសចរណ៍ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត រួមជាមួយនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ ដែលកាន់តែបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ។
ការមកលេងកម្សាន្តរបស់ភ្ញៀវទេសចរក្នុងឱកាសព្រះរាជពិធីបុណ្យដ៏មានសារៈសំខាន់នេះ មិនត្រឹមតែផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការសម្រាកលំហែកាយ និងរីករាយជាមួយតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការប្រើប្រាស់សេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។
ខេត្តកោះកុងនៅតែជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយ ដែលអាចផ្ដល់ជូនភ្ញៀវនូវបទពិសោធន៍កម្សាន្តចម្រុះ ទាំងការស្វែងយល់ពីប្រវត្តិសាស្ត្រ ការសម្រាកតាមឆ្នេរសមុទ្រ និងការរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា។


