ខេត្តកែប ជាខេត្តទី២៤ ដែលត្រូវបានចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ខេត្តកែប៖ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកែប និងមានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តកែប ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុកតំណាក់ចង្អើ អភិបាលរងក្រុងកែប នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ប្រធានមន្ទីរសន្តិសុខនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ប្រធានអនុប្រធានការិយាល័យ នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែកនៃស្នងការដ្ឋាននគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២៣នាក់ នៅសាលប្រជុំតូចសាលាខេត្តកែប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
តាមរយៈការរាយការណ៍អំពីសកម្មភាពអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកែបរួចមក
ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកែប ដែលបានអនុវត្តការងារបានជាប់ជាប្រចាំ និងធានាបានការទប់ស្កាត់ការដឹកលើសកម្រិតកំណត់។
ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារខេត្តកែបត្រូវបន្តសហការ និងអនុវត្តភារកិច្ចដែលបានប្រគល់ជូន ដោយផ្តោតជាសំខាន់លើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ជាពិសេសរថយន្តដឹកសំពីងសំពោង រថយន្តមានតទ្រុងបន្ថែមជាដើម។
ក្រុមការងារថ្នាក់ជាតិ បានផ្តល់នូវគោលការណ៍ណែនាំជារួមចំនួន ៦ចំណុចសម្រាប់ក្រុមការងារថ្នាក់ រាជធានី-ខេត្ត ដើម្បីអនុវត្ត រួមមាន៖ ១.ធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ២. ចុះអនុវត្តការងារឱ្យបានញឹកញាប់ ៣.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនមកលេខាធិការដ្ឋានក្រុមការងារ ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៤.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណៈសម្បត្តិសមស្របដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៥.ចុះបិទយានដ្ឋានដែលមិនមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម និង ៦.លុបបំបាត់វប្បធម៌អន្តរាគមន៍។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញបំពេញការងារតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់រាជធានី ខេត្ត សម្រេចបានចំនួន ២៤ខេត្តរួចមកហើយ និងនៅសល់តែ រាជធានីភ្នំពេញ មួយប៉ុណ្ណោះ។