ខេត្តកែប គេឃើញវត្តមានសេះសមុទ្រជាច្រើន ដែលនេះបញ្ជាក់ពីភាពល្អប្រសើរឡើងវិញនៃប្រព័ន្ធអេកូឡូស៊ី
ខេត្តកែប ៖ រយៈពេលចុងក្រោយនេះ គេប្រទះឃើញត្រីសេះសមុទ្រ៤ប្រភេទជាញឹកញាប់នៅតំបន់ប្រជុំកោះនៃខេត្តកែប។ វត្តមានប្រភេទសត្វងាយរងគ្រោះនេះ បានបញ្ហាញថា ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីខេត្តកែបមានភាពល្អប្រសើរឡើងិវញ។
ចំពោះវត្តមានរបស់ត្រីសេះសមុទ្រនេះ អ្នកជំនាញស្រាវជ្រាវរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ថា ត្រីសេះសមុទ្រ គឺជាប្រភេទត្រីពិសេសម្យ៉ាងខុសពីត្រី និងសត្វដទៃ ដោយសារត្រីឈ្មោលជាអ្នកពពោះភ្ញាស់កូន ត្រីនេះរស់នៅស្ងៀមស្ងាត់ក្នុងតំបន់ដែលមានស្មៅសមុទ្រ ផ្កាថ្មរ និងព្រៃកោងកាង។
អ្នកគ្រប់គ្រងការងារទូទៅនៅលើកោះអាចម៍សេះរបស់អង្គការ MCC កញ្ញា តៃ ឆេន បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានបង្កើតតំបន់អភិរក្សជលផលនៅតាមតំបន់ប្រជុំកោះ និងមានការចូលរួមសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរ មន្ត្រីជំនាញ និងប្រជានេសាទ គេបានប្រទះឃើញវត្តមានត្រីសេះសមុទ្រដែលជាសត្វងាយរងគ្រោះញឹកញាប់ជាងមុន នៅក្នុងតំបន់ប្រជុំកោះ ពិសេសកោះអាចម៍សេះ។
កញ្ញាបញ្ជាក់ថា ត្រីសេះសមុទ្រមានលក្ខណៈពិសេសខុសពីត្រី និងសត្វដទៃ គឺចូលចិត្តរស់នៅស្ងាមស្ងាត់ ហើយសត្វឈ្មោលពពោះភ្ញាស់កូន។ អ្នកស្រាវជ្រាវរូបនោះ បានបញ្ជាក់បន្ថែមថា វត្តមានត្រីសេះសមុទ្រកាន់តែច្រើន បានបង្ហាញអំពីភាពវិជ្ជាមាន ចំពោះការកកើតនៃធនធានជីវចម្រុះ ពិសេសការស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឡើងវិញ។
សូមបញ្ជាក់ថា តំបន់អភិរក្សជលផលខេត្តកែបសំខាន់បំផុត ហើយសំបូរត្រីសេះសមុទ្រច្រើនជាងគេ គឺនៅតំបន់ជុំវិញកោះអាចម៍សេះ ដែលជាកោះនៅឆ្ងាយពីក្រុងកែបជាងគេ ហើយនៅជាប់នឹងព្រំដែនសមុទ្រនៃប្រទេសវៀតណាម។ ក្រោមការអភិរក្សរបស់អង្គការMCC និងមន្ត្រីជលផលខេត្តកែប ទូកនេសាទ ទូកទេសចរណ៍កម្សាន្ត និងទូកស្ទួចត្រីកម្សាន្ត មិនអនុញ្ញាតឲ្យចូលទៅក្បែរកោះអាចម៍ឡើយ៕



