ខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាមេរិក ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អ និងរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា ចាប់ពីឆ្នាំ១៩៥០-២០២៥ ចំណងនៃទំនាក់ទំនងការទូររវាងកម្ពុជា-សហរដ្ឋអាមេរិក មានរយៈពេល៧៥ឆ្នាំហើយ។ កម្ពុជានឹងនៅតែជាដៃគូជាទីទុកចិត្តរបស់អាម៉េរិក ហើយភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អ និងរឹងមាំបន្ថែមទៀត។

កម្ពុជា-សហរដ្ឋអាមេរិក បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូត (១៩៥០-២០២៥) និងខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ប្រ៊ីដហ្កេត វ៉កឃើ ភារធារីរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ 

លោកស្រី ប្រ៊ីដហ្កេត វ៉កឃើ បានគូសរំលេចថា ខួបលើកទី៧៥នៃទំនាក់ទំនងការទូត គឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីកសាងអនាគតមួយមានភាពរុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។

ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានអរគុណចំពោះការគាំទ្រ និងចំណងមិត្តភាពដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។ «កម្ពុជាសូមបង្ហាញជំហរថា កម្ពុជានឹងនៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះនឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅ និងសារសំខាន់ជាយុទ្ធសាស្ត្រ»។ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-អាមេរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព នវានុវត្ត និងយូរអង្វែងបន្តទៅមុខទៀត។ ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យជាច្រើន ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ, កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, វិស័យអប់រំ, ការអភិរក្សវប្បធម៌, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕