ខួបបញ្ចប់សង្រ្គាមវៀតណាមលើកទី៥០ឆ្នាំនៅទីក្រុងហូជីមិញឆ្នាំ២០២៥នេះ!វៀតណាមបង្ហាញសាច់ដុំដល់ពិភពលោកនូវក្បួនព្យុហយាត្រា យោធានិងស៊ីវិលមិនធម្មតា

ប្រទេសវៀតណាមបានប្រារព្ធខួបលើកទី៥០ឆ្នាំនៃការបញ្ចប់សង្គ្រាមវៀតណាម (១៩៥៤ដល់១៩៧៥) ជាមួយនឹងព្យុហយាត្រាដោយមានដង្ហែរក្បួនយោធា-ស៊ីវិលទ្រង់ទ្រាយធំនៅទីក្រុងហូជីមិញ ដែលពីមុនមកធ្លាប់ត្រូវបានគេស្គាល់ថាជា Saigon ដែលវាគឺជាពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិវៀតណាម ដែលធ្លាប់បានកែប្រែ និងស្តារប្រទេសជាតិឡើងវិញទុកជាប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ។ វត្តមានរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម លោក To Lam បានថ្លែងសុន្ទរកថាទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានមកជួបជុំផ្តុំគ្នានៅតំបន់កំពង់ផែ Bach Dang ដែលបានអនុញ្ញាតិឲ្យមហាជនទូទៅអាចចូលទស្សនាដោយសេរីនិងមានគ្រវីទង់ជាតិ ច្រៀងចំរៀងស្នេហាជាតិវៀតណាម និងការសម្តែងពិសេសៗជាច្រើនទៀតដែរ។ ក្នុងនោះដែរក៏មានវត្តមានអតីតប្រធានាធិបតី Nguyen Minh Triet ក៏បានស្ថិតក្នុងចំណោមឥស្សរជនកំពូលៗជាច្រើនរបស់វៀតណាមដែលបានចូលរួមក្នុងពិធីដ៏ធំនិងអស្ចារ្យនោះដែរ។ សូមរំលឹកថាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ កងរថក្រោះវៀតណាមភាគខាងជើងដ៏មានឥទ្ធិពលបានសម្រុកចូលតាមច្រកទ្វារនៃវិមានប្រធានាធិបតីក្នុងទីក្រុង Saigon ដើម្បីផ្តួលរលំរដ្ឋាភិបាលវៀតណាមភាគខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបានបង្រួបបង្រួមប្រទេសឡើងវិញក្រោមការគ្រប់គ្រងបក្សកុម្មុយនិស្ត។ ព្រឹត្តិការណ៍នេះគឺត្រូវបានគេសន្និដ្ឋានថាជាជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ដោយដំបូងឡើយកើតចេញពីការប្រឆាំងនឹងរបបគ្រប់គ្រងនៃអាណានិគមបារាំង ហើយក្រោយមកទៀតគឺជាព្រឹត្តិការណ៍ប្រឆាំងនឹងកងកម្លាំងយោធាអាមេរិកតែម្តង ដើម្បីដណ្តើមយកឯករាជ្យភាពមកវិញ។ ជម្លោះអូសបន្លាយជាង២១ឆ្នាំនោះបានធ្វើឱ្យរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមភាគខាងជើង និងសម្ព័ន្ធមិត្តរបស់ខ្លួននៅវៀតណាមខាងត្បូង ដែលគេស្គាល់ថាជា វៀតកុង ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បូងរួមគ្នា ជាមួយសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺសហរដ្ឋអាមេរិកដែលពួកគេហៅថា «សង្រ្គាមអាមេរិកនៅលើទឹកដីប្រទេសវៀតណាម ឬហៅថា សង្រ្គាមប្រឆាំងនឹងជនជាតិអាមេរិកដើម្បីសង្គ្រោះជាតិវៀតណាម» ដោយសង្រ្គាមនេះក៏ជាផ្នែកមួយនៃជម្លោះក្នុងតំបន់ធំជាងគេបំផុតដែរលើពិភពលោក ដែលគេបានហៅវាថាជាសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ពួកគេរៀងៗខ្លួន។ លើសពីនេះដែរការប្រារព្ធខួបឆ្នាំនេះក៏ជាខួបលើកទី៣០នៃទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិកឡើងវិញដូចគ្នាដែរ ដោយជារឿយៗវៀតណាមបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកប្រែក្លាយពីគូភាគីប្រឆាំងគ្នាទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាប្រទេសមានឋានៈការទូតខ្ពស់បំផុតដែលខ្លួនផ្តល់ឲ្យរហូតដល់កម្រិតនៃទំនាក់ទំនងដូចគ្នារវាងខ្លួននឹងចិន និងជាមួយរុស្ស៊ីដែរ។ សូមបញ្ជាក់ថាវៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចដ៏រឹងមាំមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសមានសេដ្ឋកិច្ចទីផ្សារដែលផ្តោតលើសង្គមនិយមចម្រុះដែលកំពុងអភិវឌ្ឍឥតឈប់ឈរ និងប្រទេសសេដ្ឋកិច្ចធំលំដាប់ថ្នាក់ទី២៦នៅលើពិភពលោក ហើយវៀតណាមគឺជាសមាជិកនៃប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស្ថិតក្នុងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ