ខាងជើងប្រទេសរុស្ស៊ីរងផលប៉ះពាល់ខ្លាំងដោយសារជំនន់ទឹកភ្លៀង បានបន្សល់ទុកទីតាំង១៣៣កន្លែងគ្មានអគ្គិសនីប្រើប្រាស់ និង ជម្លៀសមនុស្ស៣០០០នាក់ចេញ

ក្រុមអ្នកជួយសង្គ្រោះ និងប្រជាជនក្នុងតំបន់កំពុងដោះស្រាយផលវិបាកនៃទឹកជំនន់ធ្ងន់ធ្ងរ ដែលបានវាយប្រហារតំបន់ជាច្រើននៅក្នុងតំបន់ Caucasus ខាងជើងរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅ Dagestan និង Chechnya។ អាជ្ញាធរនៅ Dagestan បានប្រកាសអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមពីថ្ងៃសៅរ៍មក និងបានបង្កឱ្យមានទឹកជំនន់នៅទូទាំងតំបន់។ លំហូរទឹកពីភ្នំ Caucasus បានបំផ្លាញស្ពានឆ្លងទន្លេ ខណៈដែលការតាំងទីលំនៅជាង ១៣៣កន្លែងត្រូវបានគេទុកចោលដោយគ្មានអគ្គិសនីប្រើប្រាស់។ ប្រធាននៅតំបន់ Dagestan លោក Sergey Melikov បាននិយាយនៅក្នុងបណ្តាញ Telegram របស់លោកថា ទឹកភ្លៀងនៅតំបន់ខ្លះមានកម្រិតលើសពី ៥០ មីលីម៉ែត្រ ដែលជាកំណត់ត្រាសម្រាប់ឆ្នាំថ្មីៗនេះ។ អាជ្ញាធរកំពុងបន្តជម្លៀសមនុស្សចេញនៅតំបន់លិចទឹកទាំងនោះ។ យោងតាមក្រសួងបញ្ជាក់ថា៖ ស្ថានភាពអាសន្នគឺមានមនុស្សប្រហែលជា ៣០០០នាក់ត្រូវបានគេជម្លៀសចេញ។ ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក៏បានប៉ះពាល់ដល់តំបន់ Chechnya ជិតខាងផងដែរ។ កាលពីថ្ងៃទី ២៩ខែមីនានេះ មេដឹកនាំតំបន់ Chechnya លោក Ramzan Kadyrov បានប្រកាសអាសន្ននៅក្នុងតំបន់ទាំងនោះ។ ចំណែកឯស្រុក Gudermes គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានផ្ទះប្រហែល ៧៥០ខ្នងត្រូវបានជន់លិច និងប្រជាជនប្រហែលជា៥០០ នាក់ត្រូវបានគេជម្លៀសចេញ នេះបើយោងតាមអ្នកជួយសង្គ្រោះ។ ក្រុមឧតុនិយមរំពឹងថាទឹកភ្លៀងនឹងស្រកចុះបន្តិចនៅល្ងាចនេះផងដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ