ខណៈព្យុះខ្សាច់វាយប្រហាររដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ជាលើកដំបូង ស្រាប់តែជំនន់ទឹកភ្លៀងក៏បានវាយប្រហារតំបន់បុរាណវិទ្យា Petra របស់ហ្ស៊កដានីដូចគ្នាដែរ

កាលពីថ្ងៃអាទិត្យនេះទីក្រុងបាកដាដបានគ្របដណ្តប់ដោយព្យុះខ្សាច់យ៉ាងងងឹតដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនក្នុងរដ្ឋធានីរបស់អ៊ីរ៉ាក់ ដោយខ្លះមានបញ្ហាផ្លូវដង្ហើម ហើយខ្លះទៀតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។ វាជាព្យុះខ្សាច់ដ៏ខ្លាំងលើកដំបូងដែលបានវាយប្រហារក្រុងបាកដាដក្នុងឆ្នាំ២០២៥។ បញ្ហានេះវាបានធ្វើឲ្យអ្នកដំណើរទាំងអស់ពិបាកមើលឃើញគ្នា ឬ មើលឃើញវត្ថុទូទៅក្នុងរង្វាស់ចំងាយ២ទៅ៣ម៉ែត្រប៉ុណ្ណោះនៅតាមតំបន់ខ្លះ។ ហាងទំនិញមួយចំនួនបានបង្ខំចិត្តបិទទ្វាទីតាំងរបស់ពួកគេ ដោយសារព្យុះខ្សាច់ពោរពាសទីក្រុងបាកដាដ និងប្រែក្លាយទៅជាបណ្តុំវាលខ្សាច់ដុះថ្មីនៅតាមដងទន្លេ Tigris និង Euphrates ថែមទៀតផង។ ស្របពេលដែលអ៊ីរ៉ាក់រងឥទ្ធិពលព្យុះខ្សាច់ ស្រាប់តែអាជ្ញាធរហ្ស៊កដានីបានឲ្យដឹងថាមានអ្នកទេសចររាប់រយនាក់ត្រូវបានគេជម្លៀសចេញ អំឡុងពេលមានទឹកជំនន់ភ្លាមៗនៅក្នុងទីក្រុងបុរាណវិទ្យា Petra ដ៏ល្បីល្បាញរបស់ពួកគេមិនធ្លាប់មាន។ យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងរដ្ឋ Petra បានរាយការណ៍ថា អាជ្ញាធរហ្ស៊កដានីបានជម្លៀសអ្នកទេសចររាប់រយនាក់ចេញពីទីក្រុងបុរាណ Petra កាលពីថ្ងៃអាទិត្យនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កទៅជាទឹកជំនន់ភ្លាមៗ ដោយមិនមានការជូនដំណឹងជាមុនដែរ។ ទីភ្នាក់ងារនេះបានបន្ថែមឲ្យដឹងទៀតថា៖ សកម្មភាពជម្លៀសអ្នកទេសចរណ៍បានធ្វើឡើងយ៉ាងម៉ត់ចត់ និងប្រកាសផ្អាកផ្តល់សំបុត្រចូលទស្សនាតំបន់បុរាណ Petra ដែលជាវិធានការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរទាំងអស់ដែរ។ ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានីបានរាយការណ៍បន្ថែមថា៖ ភ្ញៀវទេសចរដែលត្រូវជម្លៀសចេញមាន ១៧៨៥ នាក់ ក្រោយពីពួកគេបានសម្រេចចូលទៅ ទស្សនាទីតាំងនោះដើម្បីកំសាន្ត និងស្វែងយល់ពីប្រវត្តិសាស្រ្តនៅ Petra ៕
សម្រួលអត្ថបទ៖ សុផារិន្ទ