ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្លឹបហាត់ប្រាណប៊ី អឹម ជី (Big Muscle Gym) បានរៀបចំដោយជោគ ជ័យនូវ “ពិធីរត់ប្រណាំង ដើម្បីឧបត្ថម្ភសម្រាប់កុមារ និងក្រុមគ្រួសារអង្គការម្លប់តាប៉ាង” ក្រោមប្រធានបទ “រត់សប្បាយ ដើម្បីសុខភាពល្អ” នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបាន ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបើក និងបិទកម្មវិធី។ ការប្រណាំងនេះមានចម្ងាយសរុប ៦ គីឡូម៉ែត្រ ដោយ មានអ្នកចូលរួមចុះឈ្មោះជិត ១,០០០ នាក់ ដែលបានបង្ហាញពីស្មារតីសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខភាព។
នាឱកាសនោះលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងសប្បុរសធម៌ ចម្ងាយ ៦គីឡូម៉ែត្រ ក្រោមប្រធានបទ(រត់ជាមួយ BMG ដើម្បីកុមារម្លប់តាប៉ាង) នាពេលនេះនៅលើទឹកដី នៃតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ក្នុងខេត្តព្រះសីហនុ ដោយទាំងអស់នេះហើយគឺបានចេញពីកត្តាសន្តិភាព ទើបយើងអាចរៀបចំពិធីក្នុងការប្រកួតកីឡានាពេលនេះបាន ហើយក្នុងន័យនេះព្រឹត្តិការណ៍កីឡារត់ប្រណាំងសប្បុរសធម៌ មិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះខេត្តរបស់យើង ប្រទេសជាតិ។
តាមរយៈការចូលរួមដ៏ផុសផុលនេះ គណៈកម្មការក៏បានប្រមូលមូលនិធិសរុបបានចំនួន ១០ លានរៀល ដែលនឹងត្រូវបរិច្ចាគជូនទៅអង្គការម្លប់តាប៉ាង ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់កុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះនៅក្នុងខេត្ត។
ជ័យលាភីលេខ ១ បានទៅ លោក អ៊ូច ហ៊ត លេខ ២ លោក អ៊ួន ស៊ីចាវ និងលេខ ៣ លោក ទុយ ទុង ។
គណៈកម្មការរៀបចំក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន មកចូលរួមក្នុងកម្មវិធីដែលបានផ្សារភ្ជាប់នូវការលើកកម្ពស់សុខភាពរាងកាយ និងសកម្មភាពមនុស្សធម៌ជាមួយគ្នា។



