ក្លិបកីឡាបាល់ទាត់ វិសាខា ប្រកាសជាផ្លូវការ ភាពជាដៃគូ ជាមួយហាង Baray Coffee & Bakery ចាប់ពីឆ្នាំ២០២៦ តទៅ

ក្លិបកីឡាបាល់ទាត់ វិសាខា មានកិត្តិយសសូមប្រកាសហាង Baray Coffee & Bakery ក្លាយជាដៃគូសហការឧបត្ថម្ភថ្មីរបស់ក្លិប ចាប់ពីឆ្នាំ២០២៦ តទៅ។ ពិធីចុះអនុស្សារណៈយោគយល់គ្នា(MoU) លើកិច្ចសហការនេះ ធ្វើឡើងកាលពីថ្មីៗ នៅកីឡដ្ឋានវិសាខា រវាងកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិប វិសាខា និងកញ្ញា ជា មករា នាយិកាហាង Baray Coffee ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លិប ព្រមទាំងក្រុមការងារគ្រូ កីឡាករ-កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើនទៀត។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមាន Baray Coffee ក្នុងការរួមចំណែកគាំទ្រដល់ការអភិវឌ្ឍក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ ផ្ដើមពីការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់ហាង ដែលជាស្ដ្រីវ័យក្មេងមួយរូប ក្នុងការបង្កើតម៉ាកយីហោ(Brand) ផ្ទាល់ខ្លួន នៅខេត្តព្រៃវែង ក្រោយពីបានជួបពិភាក្សាគ្នា ក្លិបពិតជារីករាយក្នុងចាប់ដៃសហការគ្នា ទោះបីការឧបត្ថម្ភតិចក្ដី ឬច្រើនក្ដី តែជាការរួមចំណែករបស់វិស័យឯកជន ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

កញ្ញាអគ្គនាយិកាក្លិបបន្ដថា «ក្នុងនាមក្លិបមួយ ដើម្បីទ្រទ្រង់ក្លិប យើងតែងព្យាយាមរកដៃគូឧបត្ថម្ភថ្មីៗ។ អ៊ីចឹងបានគាត់(Baray Coffee) មករួមចំណែកជួយយើង ទោះជាគាត់ឧបត្ថម្ភជាលក្ខណៈ In Kind មែន តែក៏ជាអ្វីដែលយើងត្រូវការរាល់ថ្ងៃ ។ គាត់ផ្គត់ផ្គង់លើភេសជ្ជៈនានា ព្រមទាំងភេសជ្ជៈសុខភាព ដូចជាទឹកផ្លែឈើស្រស់ជាដើម ។ ទាំងអស់នេះ ពិតបានលើកកម្ពស់សុខភាពមួយកម្រិតដល់កីឡាករ-កីឡាការិនី ដែលយើងត្រូវការ ឬពេលក្លិបមានកម្មវិធីផ្សេងៗ គាត់ក៏អាចជួយផ្គត់ផ្គង់ដល់ពួកយើងផងដែរ»។

ទន្ទឹននឹងនោះ កញ្ញាក៏បានគូសរំឮកពីប្រវត្តិតស៊ូរបស់ម្ចាស់ហាង Baray Coffee តាំងពីបង្កើតនៅស្រុកកំណើត នាខេត្តព្រៃវែង រហូតមានមហិច្ឆតាពង្រីកសាខាកាន់ច្រើន ជាក់ស្ដែងឆាប់ៗខាងមុខ នឹងមានការពង្រីកហាងថ្មី នៅរាជធានីភ្នំពេញ ដែលស្រដៀងទៅនឹងការកសាងក្លិប វិសាខា ក្រោមការដឹកនាំរបស់លោកជំទាវ កែ សួនសុភី តាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនជាច្រើនឆ្នាំ និងបន្ដយូរអង្វែងទៅមុខទៀត។ តាមរយៈការតាំងចិត្ត និងលះបង់នេះ ក្លិបសង្ឃឹមកិច្ចសហការនេះ នឹងបន្ដទៅមុខយូរអង្វែង ហើយក្លិបក៏នឹងជួយផ្សព្វផ្សាយពីអាជីវកម្មបង្កើតដោយកូនខ្មែរនេះផងដែរ។

ជាមួយគ្នាដែរ កញ្ញា ជា មករា ក្នុងនាមអ្នកគាំទ្រវិសាខាមួយរូប បានបង្ហាញនូវមោទនភាព ដែលបានក្លាយជាដៃគូ និងរួមចំណែកឧបត្ថម្ភគាំទ្រក្លិប ។ កញ្ញាថា វិសាខា គឺជាក្លិបស្ដង់ដារ ដែលមានរចនាសម្ព័ន្ធដ៏ទំនើបជាច្រើន ពិសេសមានថ្នាក់ដឹកនាំល្អ ក្រុមការងារល្អ រួមទាំងកីឡាករ-កីឡាការិនី រហូតសម្រេចបានសមិទ្ធផលជាច្រើន ។ ដូច្នេះនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Baray Coffee ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។

បន្ថែមលើនេះ Baray Coffee ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឲ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគត ។ ចុងក្រោយកញ្ញា ជា មករា បានអរគុណដល់ថ្នាក់ដឹកនាំក្លិប វិសាខា ដែលបានផ្ដល់ឱកាសឲ្យ Baray Coffee ក្លាយជាផ្នែកមួយ ដើម្បីជួយផ្សព្វផ្សាយ និងលើកស្ទួយកីឡាជាតិ៕