ក្រៅពីពិធីជប់លៀងអាហារពេលល្ងាចជូនថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ានហើយ! លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បាន Surprise ខួបកំណើតមេដឹកនាំ ប្រេស៊ីលវ័យ៨០ឆ្នាំថែមទៀតផង

ប្រធានាធិបតីប្រេស៊ីលដែលបានចូលរួមក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចរបស់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥នេះ ត្រូវបានម្ចាស់ផ្ទះអាស៊ានលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim រៀបចំប្រារព្ធពិធីខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក យ៉ាងភ្ញាក់ផ្អើល និង សប្បាយរីករាយជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនរូបទៀត កាលពីយប់ថ្ងៃច័ន្ទនេះ នៅទីក្រុងគូឡាឡាំពួរ។ លោក Luiz Inácio Lula da Silva ដែលត្រូវបានគេរៀបចំប្រារព្ធខួបកំណើតគម្រប់៨០ឆ្នាំរបស់លោក បាននិយាយថា៖ លោកពិតជាមានអារម្មណ៍ថាកំពុងស្ថិតក្នុងចំណុចមួយដ៏អស្ចារ្យនៃជីវិតរបស់លោក ហើយលោកនិយាយបែបកំប្លែងទៀតថា លោកសង្ឃឹមថាលោកមានអាយុរស់នៅរហូតដល់អាយុ ១២០ ឆ្នាំឯណោះ។ លោកបានមកកាន់ទីក្រុងគូឡាឡាំពួរដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ(អាស៊ាន) ក្នុងនាមជាភ្ញៀវរបស់ប្រធានអាស៊ានគឺម៉ាឡេស៊ី ដែលលោកសង្ឃឹមថានឹងអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់តំបន់ជាមួយក្រុមអាមេរិកឡាទីនបាន។ អំឡុងពេលនៃពិធីជប់លៀងអាហារពេលល្ងាចជាមួយនឹងមេដឹកនាំជាច្រើនរូបផ្សេងៗទៀត លោក Anwar បានចូលទៅកាន់ដៃដោយអញ្ជើញលោក Lula ឡើងលើឆាកយ៉ាងស្និតស្នាលបំផុត ខណៈដែលអ្នកចូលរួមទាំងអស់បានច្រៀងបទ ‘Happy Birthday’ និងបានយកនំខេកមួយដ៏ស្រស់ស្អាតសម្រាប់ជូនមេដឹកនាំប្រេស៊ីលផ្លុំនិងកាត់ដើម្បីសេចក្តីសុខ និង អាយុវែង។ កាន់តែពិសេសទៅទៀតនោះពីយន្តហោះ Air Force One របស់អាម៉េរិក លោក Trump ដែលមានអាយុ ៧៩ ឆ្នាំក៏បានជូនពរលោកប្រធានាធិបតី Luiz Inácio Lula da Silva ក្នុងថ្ងៃកំណើតដ៏រីករាយបំផុតផងដែរ ដោយលោក Trump ពណ៌នាថាលោកប្រធានាធិបតីប្រេស៊ីលថាជា “បុរសដ៏រឹងមាំម្នាក់” “ខ្ញុំពិតជាកោតសរសើរលោកខ្លាំងណាស់ សូមជូនពរឲ្យលោកមានសុខភាពល្អរហូត៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ