ក្រៅពីចូលរួមក្នុងព្រឹត្តិការណ៍ខួប៨០ឆ្នាំនៅទីក្រុងប៉េកាំងហើយ! ជំនួបត្រីភាគីរវាងលោក Kim លោក Putin និង លោក Xi គឺជាអ្វីដែលពិភពលោកកំពុងផ្តោតសំខាន់ 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់ការបញ្ជូនទ័ពទៅវាយលុករបស់អ៊ុយក្រែននៅទីក្រុង Kursk ខណៈដែលអ្នកទាំងពីរបានអង្គុយជជែកគ្នាក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមេដឹកនាំទាំងពីរបានចូលរួមព្រឹត្តិការណ៍ព្យុហយាត្រាយោធាចិនរួចមកនៅថ្ងៃពុធនេះ ។

មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាជាផ្លូវការនៅឯវិមានសំណាក់រដ្ឋ Diaoyutai បន្ទាប់ពីបានចូលរួមក្បួនដង្ហែរយោធាដ៏ធំមួយនៅចំកណ្តាលរដ្ឋធានីរបស់ប្រទេសចិនដែលប្រារព្ធខួបលើកទី ៨០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២របស់ចិន។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ នៅចំពោះមុខអ្នកសារព័ត៌មាន ខណៈដែលកិច្ចប្រជុំបានចាប់ផ្តើម លោកពូទីនបានសរសើរកងទ័ពកូរ៉េខាងជើងដែលបាន “ប្រយុទ្ធយ៉ាងក្លាហាន និងប្រកបដោយវីរភាព ជាមួយកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ដើម្បីទប់ទល់ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។ យោងតាមការវាយតម្លៃរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនទាហានប្រហែលជា១៥,០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ ពួកគេក៏បានបញ្ជូនសម្ភារៈយោធាជាច្រើនរួមទាំងកាំជ្រួចផ្លោង និងកាំភ្លើងធំផងដែរ ដើម្បីជួយលើការវាយប្រហាររយៈពេល៣ឆ្នាំរបស់លោកពូទីនទៅលើអ៊ុយក្រែន។ លោកពូទីនបានទទួលស្គាល់យ៉ាងច្បាស់ថា តាមគំនិតផ្តួចផ្តើមរបស់លោក គីម កងកម្លាំងពិសេសរបស់លោកបានចូលរួមក្នុងការរំដោះតំបន់ Kursk ស្របតាមកិច្ចព្រមព្រៀងថ្មីរបស់ពួកយើង។ លោកបានសរសើរកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដោយនិយាយថា “ថ្មីៗនេះទំនាក់ទំនងរបស់យើងបានឈានទៅរកលក្ខណៈពិសេស គួរឱ្យទុកចិត្ត មិត្តភាព និងជាសម្ព័ន្ធមិត្ត” ។ ការប្រារព្ធខួបនៅទីក្រុងប៉េកាំង គឺជាលើកទីមួយហើយដែលលោក គីម បានចូលរួមក្នុងព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយក្នុងអំឡុងពេលកាន់អំណាចរយៈពេល ១៤ឆ្នាំរបស់លោក ហើយជាលើកដំបូងដែលលោក គីម និង លោកពូទីន និងមេដឹកនាំចិនលោក ស៊ី ជីនពីង បានជួបជុំគ្នានៅកន្លែងតែមួយ ក្នុងពេលវេលាដ៏អស្ចារ្យដែរ។ ក្រុមអ្នកសង្កេតការណ៍កំពុងរង់ចាំមើលថាតើលោក គីម អាចនឹងជួបលោក ស៊ី ជាទ្វេភាគី ដែរឬទេ? ឬសូម្បីតែជួបការជួបប្រជុំត្រីភាគីជាឯកជនរវាងលោក ស៊ី និងលោកពូទីន មិនទាន់អាចបញ្ជាក់បាននៅឡើយទេនៅថ្ងៃនេះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ