ក្រោយមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការការវាស់វែងនឹងចុះបញ្ជីដីធ្លីក្នុងខេត្តកំពតដំណើរការដោយរលូនខណៈទំនាស់ស្ទើគ្មាន

មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតក្រោយពីមានការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្តកន្លងមក ដំណើរការនៃការចុះវាស់វែង ចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋដំណើរការដោយរលូន ដោយសារពលរដ្ឋមានការយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបណ្ណ ខណៈវិវាទមានតិចបំផុត។ អភិបាលខេត្ត ស្នើពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិរួចហើយ សូមកុំឱ្យកើតមានវិវាទដីធ្លីឱ្យសោះ ព្រោះវាមិនអាចដោះស្រាយក្រៅប្រព័ន្ធតុលាការបាននោះទេ។
——————————————————
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លី ដែលបានដាក់ចេញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការចុះវាស់វែងចុះបញ្ជីបានប្រមាណជាង ៧៦ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៩ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្ត ហើយបានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រមាណជាង ៦៥ម៉ឺនក្បាលដី និងចែកបណ្ណដល់ដៃពលរដ្ឋជាង ៦០ម៉ឺនក្បាលដី។ ការឱ្យដឹងដូចនេះក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦ភូមិ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យ ចំនួន ៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តព្រៃបន្ទាំ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កត្តាដែលជំរុញឱ្យការចុះវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័សដូចនេះ ដោយសារមានការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលគិតមកដល់ពេលនេះបានចំនួន ៣,០៥០ករណី ហើយភាគច្រើនជាវិវាទដីធ្លី ការដោះស្រាយនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់អំពីផលលំបាកពាក់ព័ន្ធនឹងវិវាទ ព្រមទាំងបានដឹងអំពីសារៈសំខាន់របស់បណ្ណកម្មសិទ្ធិ។ លោកប្រធានមន្ទីរបានបន្តថា ក្នុងដំណើរការនៃការចុះវាស់វែងក្រុមការងារក៏ជួបប្រទះនឹងវិវាទមួយចំនួនតូចដែរ តែដោយសារពលរដ្ឋមានការយល់ដឹងច្រើនទើបមានការសម្របសម្រួលបញ្ចប់ ហើយឈានទៅការវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដោយរលូន។
ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីធ្លីដែលចេញជូនបងប្អូននាពេលនេះ គឺជាកេរ្តិ៍មរតកដ៏សំខាន់មួយរបស់ប្រមុខថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរបានដាក់ចេញនូវគោលនយោបាយដីធ្លីសម្រាប់ពលរដ្ឋ ការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត ពិសេសមន្ទីរជំនាញធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត ដើម្បីទាញយកប្រយោជន៍ពីដីធ្លី។ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹក និងស្នើដល់ពលរដ្ឋដែលបានទទួលបណ្ណកម្មសិទ្ធិរួចហើយ សូមកុំឱ្យកើតមានវិវាទដីធ្លី ព្រោះការដោះស្រាយស្ថិតនៅលើប្រព័ន្ធតុលាការ មិនអាចសម្របសម្រួល ឬដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយគណៈកម្មការដីរដ្ឋបាននោះទេ។
សូមបញ្ជាក់ថា ពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ៦ភូមិ គឺភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ភូមិព្រែកឫស្សី ភូមិសំរោងចិន ឃុំព្រៃទន្លេ ភូមិពេជ្ជនា ភូមិព្រៃបន្ទាំ និងភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ដែលមានក្បាលដី សរុបចំនួន ១០,០៩៩ ក្បាលដី ស្មើនឹង ៣,៥៦១គ្រួសារ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចំនួន ៣ភូមិ គឺភូមិត្នោត ភូមិខ្នាយ ឃុំត្នោតចុងស្រង់ និងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ៤,៩៤៤ក្បាលដី ស្មើនឹង ១,៨៩៥គ្រួសារ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត