ក្រោយពីបានបញ្ចប់ការចុះពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ  ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តដំណើរ ទៅមណ្ឌលសុខភាពសែនរុងរឿង៤ មណ្ឌលសុខភាពសែនរុងរឿង៣ និងមណ្ឌលសុខភាពតេជោមរកត

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេស បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ដើម្បីពិនិត្យមើលការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន៣ ជាបន្តបន្ទាប់ទៀតគឺ៖ មណ្ឌលសុខភាពសែនរុងរឿង៤ មណ្ឌលសុខភាពសែនរុងរឿង៣ និងមណ្ឌលសុខភាពតេជោមរកត។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំង៣ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅតែមិនភ្លេចក្នុងការផ្តល់ជូននូវអនុសាសន៍ និងការណែនាំមួយចំនួនជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីធ្វើការងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។ បន្ទាប់ពីបាន សំណេះសំណាល និងពិនិត្យការងាររួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវឱសថចាំបាច់មួយចំនួន បន្ថែមទៀត ដល់មណ្ឌលសុខភាពទាំង៣ ខាងលើ ក្នុងគោលបំណងឱ្យការបម្រើសេវាសុខាភិបាល បានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់មន្រ្តី និងបុគ្គលិកទាំងអស់ ស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីទទួលបានភាពរីកចំរើនកាន់តែខ្លាំងឡើង និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល  ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕