ក្រោយនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំទៅកាន់ចក្រភពអង់គ្លេស លោក Tarique Rahman កំពុងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់បង់ក្លាដែស ក្រោយស្ថានភាពបះបោរជាង១៨ខែ 

គណបក្សជាតិនិយមបង់ក្លាដែស ឬ BNP បានអះអាងពីជ័យជម្នះរបស់ខ្លួនក្នុងការបោះឆ្នោតលើកដំបូងក្នុងប្រទេសបង់ក្លាដែសចាប់តាំងពីមានការបះបោរឆ្នាំ ២០២៤ ដោយបក្សនេះប្រកាសដាក់ខ្លួនឯងដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ និងអាចផ្លាស់ប្តូរស្ថានភាពនយោបាយរបស់បង់ក្លាដែសបាន បន្ទាប់ពីការប្រជែងគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំ និងការបោះឆ្នោតដ៏ក្តៅគគុកផងដែរ។ អង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្ស BNP បាននិយាយនាព្រឹកថ្ងៃសុក្រនេះថា ខ្លួនទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី និង អាចគ្រប់គ្រងដោយខ្លួនឯងបាន បើទោះបីជាក្រុមគូប្រជែងពីបក្សJamaat-e-Islami បានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេអំពីលទ្ធផលផ្លូវការដែលអាចពន្យារពេលក៏ដោយ។ ការរាប់សន្លឹកឆ្នោតចុងក្រោយមិនទាន់ត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានរាយការណ៍ថា គណបក្ស BNP បានឆ្លងកាត់កម្រិត ១៥១ អាសនៈរួចហើយ ដែលវាត្រូវការជាចាំបាច់សម្រាប់សំឡេងភាគច្រើននៅក្នុងសភាដែលមានសមាជិក៣០០នាក់។ គណបក្ស BNP ដែលដឹកនាំដោយលោក Tarique Rahman អាយុ ៦០ឆ្នាំ ជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន ដែលបានវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញក្នុងខែធ្នូ បន្ទាប់ពីធ្លាប់និរទេសខ្លួនអស់រយៈពេល១៧ឆ្នាំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកគឺជាកូនប្រុសរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសដែរ គឹលោកស្រី Khaleda Zia ដែលបានស្លាប់កាលពីខែធ្នូកន្លងទៅ។ លោក Ruhul Kabir Rizvi ជាអគ្គលេខាធិការជាន់ខ្ពស់នៃគណបក្ស BNP បានអបអរសាទរដល់ប្រជាជនបង់ក្លាដែសចំពោះជ័យជម្នះដែលបានមកពីការបោះឆ្នោតជឿទុកចិត្តចំពោះគណបក្សនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែរ។ ដោយឡែក លោក Saleh Shibly លេខាធិការសារព័ត៌មានរបស់លោក Rahman បាននិយាយបន្ថែមថា មេដឹកនាំគណបក្ស BNP បានអំពាវនាវដល់អ្នកគាំទ្ររបស់លោកឱ្យធ្វើការអធិស្ឋានជាពិសេសរួមគ្នាជាមួយគ្នាពីចំងាយសម្រាប់ពិធីបុណ្យថ្ងៃសុក្រប្រចាំសប្តាហ៍នេះ ហើយមិនត្រូវធ្វើការជួបជុំ និងបង្កើតជាក្បួនដង្ហែរអបអរសាទរណាមួយឡើយ។ ប្រជាជនទីក្រុងដាកាមួយចំនួននៅថ្ងៃសុក្រ ក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ស្ថិរភាពនៅក្នុងប្រទេសរបស់ពួកគេដែរ និងបង្ហាញពីទស្សនវិស័យនឹងធ្វើឲ្យប្រសើរឡើងសម្រាប់អនាគតរបស់ពួកគេ។ លោក Md Saibul Asan បានិយាយថា “នេះជាដំណឹងដ៏អស្ចារ្យមួយសម្រាប់ពួកយើង ពីព្រោះអ្នកដឹងហើយថារដ្ឋាភិបាលបង់ក្លាដែសកន្លងទៅ គឺគ្មានសម្លេងប្រជាជននោះទេក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ” “ហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មីនេះនឹងធ្វើអ្វីមួយដែលល្អសម្រាប់ពួកយើង និងធ្វើអ្វីមួយដែលប្រសើរជាងការដឹកនាំមុនៗសម្រាប់ពួកយើងបន្ថែមទៀតដែរ” ៕ 

សម្រួលអត្ថបទ៖សុផារិន្ទ