ក្រោយជំនួបជាមួយនឹងរដ្ឋមន្រ្តីអាស៊ាននៅទីក្រុងម៉ានីល! រដ្ឋមន្រ្តីការបរទេសអាម៉េរិកបញ្ជាក់ពីការប្តេជ្ញាជាមួយអ៊ីរ៉ង់ ខណៈដែលរដ្ឋមន្រ្តីការបរទេសចិនអំពាវនាវឱ្យមានអភិបាលកិច្ចជាសកល

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសន្និសីទក្រោយជំនួបជាមួយរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីននាថ្ងៃពុធនេះ ដោយលោកបានចាប់ផ្តើមលើកឡើងជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីពីអ៊ីរ៉ង់មុនគេ។ ទោះបីជាមានចិត្តបើកចំហចំពោះការចរចាជាមួយអ៊ីរ៉ង់ក៏ដោយ ក៏លោក Rubio បាននិយាយថា «ពួកគេមិនបានរក្សាការប្តេជ្ញាចិត្តរបស់ពួកគេនោះទេ»។ លោក Rubio បាននិយាយថា លទ្ធផលដែលអាចកើតមានទាក់ទងនឹងការខាតបង់នៅច្រកសមុទ្រ Hormuz អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវទឹកសំខាន់ៗផ្សេងទៀតនៅក្នុងពិភពលោក។ បន្ទាប់មក លោក Rubio បាននិយាយអំពីការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងតំបន់ ដោយបានគូសបញ្ជាក់ពីជំនួយបរទេសចំនួន ២.៥ ប៊ីលានដុល្លារអាមេរិក ដើម្បី «ទាញយកអត្ថប្រយោជន៍ពីឧបករណ៍ដែលមានទាំងអស់នៅក្នុងរដ្ឋាភិបាលរបស់យើង»។ លោក Rubio បាននិយាយថា «នេះមិនមែនជាសប្បុរសធម៌នោះទេ ហើយនេះក៏មិនមែនជាអ្វីដែលយើងកំពុងធ្វើនោះដែរ ព្រោះយើងជាមនុស្សល្អ ទោះបីជាខ្ញុំជឿថាយើងជាមនុស្សល្អក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់យើងច្រើនជាង»។ ចំណែករដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី វិញបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការកសាង «ប្រព័ន្ធគ្រប់គ្រងសកលដ៏យុត្តិធម៌ និងសមធម៌» នៅឯសន្និសីទមួយក្រោយជំនួបរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីនថា លោកបានសាទរចំពោះសំណើរបស់លោកប្រធានាធិបតី Xi Jinping ក្នុងការកសាងសហគមន៍នៃអនាគតរួមសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមសកលចំនួន៤ទៀត ដោយនិយាយថា ពួកគេផ្តល់នូវដំណោះស្រាយមួយដើម្បី «ដោះស្រាយឱនភាពក្នុងសន្តិភាព ក្នុងការអភិវឌ្ឍ ក្នុងសន្តិសុខ និងក្នុងអភិបាលកិច្ច»។ ប្រទេសចិនបានលើកកម្ពស់គំនិតផ្តួចផ្តើមសកលមួយចំនួនលើការអភិវឌ្ឍ សន្តិសុខ អរិយធម៌ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលទីក្រុងប៉េកាំងនិយាយថា មានគោលបំណងកែលម្អកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ចសកល។ លោក វ៉ាង ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកបានមានប្រសាសន៍ថា «ប្រទេសចិននឹងបន្តធ្វើសកម្មភាពជាមួយអាស៊ានក្នុងគោលការណ៍សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធសម្រាប់ផលប្រយោជន៍របស់ប្រជាជននៅក្នុងតំបន់នេះ និងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាដែលកំពុងកើតឡើងជាមួយនឹងសាមគ្គីភាពកាន់តែរឹងមាំ»៕

សម្រួលអត្ថបទ៖ សុផារិន្ទ