ក្រោមបទបញ្ជាឧត្តមសេនីយ៍ទោ ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្របឹងទន្លេសាប រថយន្តដឹកលៀសខុសច្បាប់ ១គ្រឿងទៀត ត្រូវបានបង្ក្រាបដោយកម្លាំងសហការរបស់យោធាលើផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ÷ នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ក្រោមបទបញ្ជា របស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្ត្របឹងទន្លេសាប កម្លាំងចម្រុះរបស់យោធាបានល្បាត គោលដៅលើផ្លូវជាតិលេខ៦ នៅវេលាម៉ោង៩ យប់ កម្លាំងបានសហការជាមួយ កងពលតូចថ្មើជើងលេខ៥១ យោធភូមិភាគទី៥ វរៈសេនាតូចកាំភ្លើងធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយលោកមេបញ្ជាការរង ធ្វើការចុះត្រួតពិនិត្យ និងឃាតរថយន្តបានចំនួន១គ្រឿង ម៉ាក MYUNDRI ស្លាកលេខ (កំពង់ធំ 3A- 1997) ដឹកលៀសខុសច្បាប់ទម្ងន់២០តោន នៅចំណុចភូមិសាស្ត្រ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

នេះយោងតាមការឲ្យដឹងពីលោកមេបញ្ជាការរងសឹករងកំពង់ឆ្នាំង រថយន្តដឹកលៀសខុសច្បាប់ខាងលើបានដឹកចេញពី ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប ។ ប្រភពបញ្ជាក់បន្ថែមទៀតថា រថយន្តដឹកលៀសខាងលើមិនមានលិខិតអនុញ្ញាត តាមច្បាប់រដ្ឋបាលជលផលនោះឡើយ។

ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់នោះ បានរត់គេចខ្លួនបាត់ ហើយក្រុមការងារសហការបានដកហូតយករថយន្តមករក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា លៀសទម្ងន់២០តោន ត្រូវបានក្រុមការងារសហការជាមួយកម្លាំងយោធា នាំយកមកចាក់លែង ក្នុងភូមិសាស្ត្រស្រុកជលគីរី ខេត្តកំពង់ឆ្នាំង៕