ក្រុមអ្នកស្រុក-ភ្ញៀវទេសចរហាក់ស្រឡាំងកាំងនៅពេលបានឃើញ ដោយផ្ទាល់នូវសកម្មភាពបង្ហុយផ្សែងផេះរបស់ភ្នំភ្លើង Etna ក្នុងប្រទេសអ៊ីតាលី

ភ្នំភ្លើង Etna ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយរបស់ពិភពលោកបានបញ្ចេញកំអ៊ែរផេះនិងផ្សែងយ៉ាងខ្មួរខ្មាញ់កាលពីថ្ងៃចន្ទ នេះ បន្ទាប់ពីវាកំរើកជារឿយៗ នេះបើយោងតាមវិទ្យាស្ថានជាតិភូគព្ភសាស្ត្រនិងភ្នំភ្លើង (INGV) របស់ប្រទេសអ៊ីតាលី។ យោងតាមរូបភាពវីដេអូដែលថតបានកាលពីថ្ងៃច័ន្ទនេះបានបង្ហាញពីពពកពណ៌ប្រផេះក្រាស់ដែលបក់បោកចេញពីមាត់រណ្ដៅភ្នំភ្លើងនាភាគអាគ្នេយ៍នៃឆ្នេរភាគខាងកើតនៃទីក្រុងស៊ីស៊ីលី (Sicily)។ ភាពរំញ័រនៃភ្នំភ្លើងមួយនេះត្រូវបានគេរកឃើញកាលពីយប់ថ្ងៃអាទិត្យ ដោយវាកាន់តែញ័រខ្លាំងឡើងបន្តិចម្តងៗ និងឈានដល់កម្រិតកំពូលភ្លាមៗមុនម៉ោង៣ទៀបភ្លឺ ម៉ោងក្នុងស្រុកកាលពីថ្ងៃច័ន្ទម្សិលមិញ។ វិទ្យាស្ថាន INGV បានរាយការណ៍បន្ថែមទៀតថាភ្នំភ្លើង Etna បាននិងកំពុងរំញ័រខ្លាំង អាចនឹងផ្ទុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីវាព្រួសចេញកំអ៊ែរតិចតួចជាញឹកញាប់ និងធ្លាប់ព្រួសចេញខ្លាំងជាពិសេសពេញមួយខែឧសភានោះ។ មកដល់ពេលនេះ មិនទាន់រកឃើញមនុស្សស្លាប់ ឬរបួសនៅឡើយទេ។ ជាទូទៅភ្នំភ្លើង Etna ផ្ទុះជាច្រើនដងក្នុងមួយឆ្នាំៗ ហើយត្រូវបានអ្នកជំនាញត្រួតពិនិត្យយ៉ាងដិតដល់ ដោយសារតែវានៅជិតតំបន់ដែលមានប្រជាជនរស់នៅកកកុញដែរ ប៉ុន្តែនៅពេលដែលវាព្រួសកំអ៊ែរ ឬ បញ្ចេញផ្សែងផេះក៏បានក្លាយទៅជាភាពទាក់ទាញមួយសម្រាប់អ្នកទេសចរក្នុងស្រុកនិងអន្តរជាតិដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ