ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានរកឃើញទីកន្លែងធ្លាក់ឧទ្ធម្ភាគចក្រនៅលើកោះ Borneo កាលពីថ្ងៃចន្ទនេះហើយ! និងប្រទះឃើញសពមនុស្សម្នាក់ ប៉ុន្តែ៧នាក់ទៀតគ្មានតម្រុយ

ក្រុមសង្គ្រោះឥណ្ឌូណេស៊ីបានទៅដល់ទីកន្លែងធ្លាក់ឧទ្ធម្ភាគចក្រនៅកោះ Borneo (បឺណេអូ) ដោយបានរកឃើញសពមនុស្សម្នាក់ ប៉ុន្តែមនុស្ស៧នាក់ទៀតនៅមិនមានតម្រុយនៅឡើយទេកាលពីថ្ងៃពុធនេះ។ ការរកឃើញនេះធ្វើឡើងនៅក្នុងព្រៃនៃកោះត្រូពិចដ៏ក្រាស់ ដែលវាបានកើតឡើងបន្ទាប់រយៈពេលពីទៅបីថ្ងៃនៃសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានធ្លាក់ជាមួយមនុស្ស៨នាក់នៅលើតួឧទ្ធម្ភាគចក្រ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពមនុស្សម្នាក់ ដែលស្ថិតនៅចម្ងាយប្រហែលជា១០០ ម៉ែត្រ ពីសពឧទ្ធម្ភាគចក្រដែលធ្លាក់នោះ។ តាមការសង្កេតដំបូងពីក្រុមនេះបង្ហាញថាមានជនរងគ្រោះជាច្រើនទៀតនៅក្នុងយន្តហោះដែលឆាបឆេះពេលធ្លាក់ចុះ។ លោក Yudhi Bramantyo នាយកប្រតិបត្តិនៃទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិបាននិយាយថា ប៉ុន្តែចំនួនពិតប្រាកដដែលស្លាប់នោះមិនទាន់អាចបញ្ជាក់បានទេ ដោយសារតែអាកាសធាតុនៃទីកន្លែងកើតហេតុវាស្មុគស្មាញនិងងងឹតពេក។ លោក Bramantyo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយផ្សេងទៀតថា៖ ស្ថានភាពនៃឧទ្ធម្ភាគចក្រត្រូវនោះបានបានធ្លាក់ចុះនិងឆាបឆេះ ដូច្នេះវាចាំបាច់ណាក្នុងការរុះរើឧទ្ធម្ភាគចក្រនោះ ដើម្បីបញ្ជាក់ពីចំនួនជនរងគ្រោះនៅខាងក្នុងតួយន្តហោះនោះ។ ឧទ្ធម្ភាគចក្រនេះជាប្រភេទ Airbus BK117 D-3 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Eastindo Air បានបាត់ទំនាក់ទំនងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅ៨នាទីក្រោយពីចាកចេញពីព្រលានយន្តហោះក្នុងស្រុក Kotabaru ក្នុងខេត្ត Kalimantan ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃចន្ទមក។ ឧទ្ធម្ភាគចក្រនេះបានធ្វើដំណើរទៅកាន់ទីក្រុង Palangkaraya ក្នុងខេត្ត Kalimantan ភាគកណ្តាល។ ក្នុងនោះមានជនបរទេស៣នាក់ អាមេរិកម្នាក់ ប្រេស៊ីលម្នាក់ និងឥណ្ឌាម្នាក់ដែលស្ថិតក្នុងចំណោមមនុស្ស៨នាក់នៅលើឧទ្ធម្ភាគចក្រនោះ។ ក្រុមសង្រ្គោះមានបុគ្គលិកជាង ២០០នាក់មកពីក្រុមប៉ូលីស យោធា ភ្នាក់ងារក្នុងស្រុក ក្រុមអ្នកស្រុក និងអ្នកស្ម័គ្រចិត្ត ត្រូវបានបញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ដើម្បីកាប់ឆ្ការព្រៃឈើប្រវែង ២៧គីឡូម៉ែត្រនៅ Mantewe ស្រុក Tanahbumbu ដើម្បីទៅកាន់កន្លែងកើតហេតុ។ ប្រតិបត្តិការសង្រ្គោះនេះគាំទ្រដោយឧទ្ធម្ភាគចក្រសង្រ្គោះចំនួន ៥ ដែលបានប្តូរវេនគ្នាវាយលុកតំបន់នោះ ប៉ុន្តែការស្វែងរកត្រូវបានរារាំងដោយអាកាសធាតុអាក្រក់នាវស្សាន្តរដូវ៕
សម្រួលអត្ថបទ៖ សុផារិន្ទ