ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីស្វែងរកមនុស្ស១១នាក់ដែលនៅបាត់ខ្លួនបន្ទាប់ពី speedboat មួយគ្រឿងក្រឡាប់លិចនៅកោះ Mentawai ! និងក្រោយពីគ្រោះថ្នាក់លិចសាឡាងនៅកោះបាលី

ក្រុមមន្ត្រីបាននិយាយថា ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីកំពុងស្វែងរកមនុស្ស ១១ នាក់ដែលនៅតែបាត់ខ្លួនកាលពីយប់ថ្ងៃអង្គារនេះ បន្ទាប់ពីទូកល្បឿនលឿនមួយគ្រឿង ឬ speedboat បានក្រឡាប់ចេញពីខ្សែទឹកនៃផ្ទៃកោះ Mentawai របស់ប្រទេសឥណ្ឌូណេស៊ី។ លោក Lahmudin ដែលជាប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថាទូកនេះបានដឹកជញ្ជូនមនុស្សចំនួន១៨នាក់ ដែលភាគច្រើនជាមន្ត្រីរដ្ឋបាលក្នុងតំបន់ នៅពេលដែលវាបានលិចនៅក្នុងដែនទឹក Sipora Strait បន្ទាប់ពីវាចាកចេញពីផែ Sikakap ដែលជាទីប្រជុំជនមួយនៅក្នុងស្រុក Mentawai Islands ក្នុងខេត្ត West Sumatra កាលពីពាក់កណ្តាលថ្ងៃត្រង់ថ្ងៃច័ន្ទម្សិលមិញ។ លោក Lahmudin បានឲ្យដឹងថាការធ្វើដំណើរតាម speedboat គឺជាភាពពេញនិយមមួយរបស់ជនជាតិឥណ្ឌូណេស៊ី សម្រាប់តភ្ជាប់ទៅកាន់ទីក្រុង Tuapejat ជិតខាងដែលគ្រាន់តែធ្វើដំណើរប្រហែលតិចជាង២ម៉ោងប៉ុណ្ណោះ។ លោកបាននិយាយថាមនុស្ស៧នាក់ រួមទាំងអ្នកបើកទូកពីរនាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយស្ថិតក្នុងស្ថានភាពមានសូវល្អនោះទេ បន្ទាប់ពីពួកគេបានរសាត់ក្នុងទឹកដ៏ច្របូកច្របល់អស់រយៈពេលជាច្រើនម៉ោង។ ក្រុមអ្នកជួយសង្គ្រោះនៅតែស្វែងរកមនុស្ស១១នាក់ទៀតក្នុងនោះមានកុមារ៣នាក់និងបុគ្គលិកក្នុងតំបន់ម្នាក់ដែរ។ លោក Lahmudin បាននិយាយថាអាជ្ញាធរនៅតែកំពុងស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះ ប៉ុន្តែអ្នកនៅរស់រានមានជីវិតបាននិយាយថា ទូកនេះត្រូវបានវាយប្រហារដោយរលកធំៗនិងខ្ពស់ៗនៅអំឡុងពេលមានព្យុះបោកបក់មួយរំពេច។ លោក Rudi ប្រធានទីភ្នាក់ងារស្វែងរកមនុស្ស និងជួយសង្គ្រោះក្នុងតំបន់បាននិយាយថា កប៉ាល់ជួយសង្គ្រោះ និងទូកជាច្រើនគ្រឿងបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ដោយមានជំនួយពីអ្នកនេសាទ និងប្រជាជននៅលើគោកផង។ យោងតាមរូបភាពវីដេអូដែលចេញផ្សាយដោយទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិបានបង្ហាញពីប្រតិបត្តិការស្វែងរកពេញមួយយប់នៅលើផ្ទៃសមុទ្រដ៏សែនលំបាក និងមានភ្លៀងធ្លាក់។ សោកនាដកម្មក្រឡាប់សាឡាងកើតឡើងជាប្រចាំក្នុងប្រទេសឥណ្ឌូណេស៊ីមិនទាន់រសាត់បាត់ផង ឥឡូវមានករណីលិចទូកល្បឿនលឿនថែមទៀត ជាប្រទេសដែលប្រជុំដោយកោះជាង១៧.០០០កោះ ប៉ុន្តែការអនុវត្តច្បាប់សុវត្ថិភាពផ្លូវទឹកនៅខ្សត់ខ្សោយជាញឹកញាប់។ កាលពីដើមខែនេះ មានសាឡាងមួយគ្រឿងបានលិចនៅជិតកោះរមណីយដ្ឋាន Bali របស់ប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សយ៉ាងតិច១៨នាក់ស្លាប់ និង ១៧នាក់បាត់ខ្លួន បន្ទាប់ពីប្រតិបត្តិការស្វែងរករយៈពេល២សប្តាហ៍ ដែលមានអ្នកជួយសង្គ្រោះប្រមាណជាង១,០០០នាក់ នាវាកងទ័ពជើងទឹកចំនួន៣ ទូក១៥ គ្រឿង និងឧទ្ធម្ភាគចក្រ ព្រមទាំងអ្នកជ្រមុជទឹកជំនាញផងដែរ។ ផ្ទៃសមុទ្រដ៏ស្មុគស្មាញដែលស្ថិតនៅក្បែរកោះបាលីក្នុងឆ្នាំ២០២១ បានបណ្តាលឱ្យមនុស្សស្លាប់៧នាក់ និងបាត់ខ្លួន១១នាក់។ ក្នុងឆ្នាំ២០១៨សាឡាងដែលផ្ទុកមនុស្សច្រើនបានលិចជាមួយមនុស្សប្រហែលជា២០០ នាក់នៅលើទូកក្នុងខេត្តស៊ូម៉ាត្រាខាងជើង ដោយបានសម្លាប់មនុស្ស ១៦៧នាក់។ ហើយគ្រោះមហន្តរាយដែលបានកត់ត្រាទុកដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេះ គឺហេតុការណ៍លិចកប៉ាល់ដឹកអ្នកដំណើរដែលផ្ទុកលើសទម្ងន់បានកាលពីខែកុម្ភៈ ឆ្នាំ ១៩៩៩ មានផ្ទុកអ្នកដំណើរចំនួន៣៣២នាក់នៅលើកប៉ាល់ បន្សល់អ្នកនៅរស់តែ២០នាក់ប៉ុណ្ណោះ ក្រៅពីនោះគឺស្លាប់ទាំងអស់៕
សម្រួលអត្ថបទ៖សុផារិន្ទ