ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ចំនួន១៦ប្រភេទកីឡា បានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល
ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ចំនួន១៦ប្រភេទកីឡា បានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល សម្រាប់ ការដណ្ដើម បានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួត ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯក អាស៊ីអាគ្នេយ៍ កាលពីថ្មីៗ។
ពិធីសំណេះសំណាល និងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា តាងនាម សម្ដេច បវរធិបតី សូមអបអរសារទរ កោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច ខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រសួង ប្រធានសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ ដែលរួមកម្លាំងគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្ត រហូតទទួលបានជ័យជម្នះ សមិទ្ធិផល គួរជាទីសាទរ ជូនជាតិ មាតុភូមិកន្លងទៅនេះ។
រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើវិស័យ អប់រំ យុវជន និងកីឡា ជាពិសេសតាម រយៈការ ជំរុញលើកទឹកចិត្ត និងគាំទ្រ គ្រប់រូបភាព ដើម្បីធ្វើយ៉ាងណា ឲ្យុវិស័យនេះ មានការ រីកចម្រើន មានសន្ទុះ និងការរក្សាបាន នូវសុខភាពល្អ។ វិស័យកីឡា មានការ រីកចម្រើនគួរឲ្យគត់សម្គាល់ និងបានដើរតួនាទី យ៉ាងសំខាន់ នៅក្នុងសង្គមកម្ពុជា។ កីឡា ទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ ពីសំណាក់ មហាជន គ្រប់ស្រទាប វណ្ណៈ និងមានកំណើន នៃការហ្វឹកហាត់ យ៉ាងផុលផុសផងដែរ។
បញ្ជាក់ដែរថា ១៦ ប្រភេទកីឡា ដែលទទួលបាន ថវិកា លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលនោះ រួមមាន ទូកកានូ ចំបាប់ ហែលទឹក ពាក់ជើងទា ឃីកបុកស៊ីង ប៉េងតង់ ប្រដាល់ សកល វ៉ូវីណាម ជឺជីតស៊ូ កាយវប្បកម្ម បញ្ចស៊ីឡាត់ E-Sports ការ៉ាតេ តេក្វាន់ដូ ITF តេក្វាន់ដូ WT និង បាល់បោះ ជនពិការ។ មេដាយ ដែលឈ្នះ លើ១៦ ប្រភេទកីឡានេះរួមមាន មេដាយ មាស៧៩ មេដាយ ប្រាក់៩៨ មេដាយសំរឹទ្ធ ១០៨គ្រឿង និងសរុបទាំងអស់២៨៥គ្រឿង។ ថវិការលើកទឹកចិត្តសរុប ៥,៩០៣,៤០០,០០០រៀល ប្រគល់ជូនទៅគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មានចំនួន ៨៩នាក់ ៕



