ក្រុមហ៊ុន Peace Petroleum បើកការដ្ឋានសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ តម្លៃ ៧.៥ លានដុល្លារ ក្នុងស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ – ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum Cambodia Co., LTD) ដែលមានឯកឧត្តម ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក បានបោះជំហានថ្មីមួយទៀតក្នុងវិស័យថាមពល ដោយបានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈ ដ៏ធំមួយស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

តាមការបញ្ជាក់របស់ អ្នកឧកញ៉ា ទៀ វិចិត្រ គម្រោងនេះគឺជាមោទនភាពមួយសម្រាប់វិនិយោគិនក្នុងស្រុក ដែលមានគោលដៅពង្រឹងការផ្គត់ផ្គង់ថាមពលនៅកម្ពុជា៖

• ទុនវិនិយោគសរុប៖ ប្រមាណ ៧.៥ លានដុល្លារអាមេរិក។

• ទីតាំងគម្រោង៖ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

• ម្ចាស់គម្រោង៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក។

គម្រោងនេះមិនត្រឹមតែបង្ហាញពីភាពជឿជាក់របស់វិនិយោគិនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើផ្នែក៖

១.ការបង្កើតការងារ៖ ផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

២.ការពង្រឹងសមត្ថភាព៖ បណ្តុះបណ្តាល និងបង្កើនជំនាញបច្ចេកទេសដល់បុគ្គលិក និងកម្មករខ្មែរ។

៣. សន្តិសុខថាមពល៖ ធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈជូនដល់ទីផ្សារក្នុងប្រទេស។

៤.បរិយាកាសវិនិយោគ៖ បង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនដទៃទៀតមកកាន់តំបន់មាត់សមុទ្រ។

គម្រោងមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Peace Petroleum នេះ ត្រូវបានគេរំពឹងថានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការគាំទ្រដល់តម្រូវការប្រេងឥន្ធនៈដែលកំពុងមានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា៕

 

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី