ក្រុមហ៊ុន Econ Group និងក្រុមហ៊ុន Picasso ចុះអនុស្សរណៈ ក្នុងកិច្ចសហការយុទ្ធសាស្ត្រលើវិស័យអចលនទ្រព្យ ដើម្បីសាងសង់ខុនដូនៅកម្ពុជា

ដោយមើលឃើញថាក្នុងឆ្នាំ២០២៥នេះ វិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ បានចាប់ផ្ដើមងើបឡើងវិញបន្ដិចម្ដងៗនោះ ជាពិសេសអ្នកវិនិយោគបរទេសបានចាប់អារម្មណ៍ និងមើលឃើញពីសក្ដានុពលលើវិស័យអចលនព្រទ្យរបស់កម្ពុជា ដូចជាការទិញខុនដូរ សម្រាប់ការស្នាក់នៅ និងការរស់នៅរបស់ជនបរទេស ក៏ដូចជាប្រជាជនកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរនោះ ក្រុមហ៊ុន Econ Group និងក្រុមហ៊ុន Picasso បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហការយុទ្ធសាស្ត្រលើវិស័យអចលនទ្រព្យ គម្រោងសាងសង់ខុនដូរនៅកម្ពុជា។

ក្រុមហ៊ុន Econ Group ដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លើពហុវិស័យដូចជា អចលនទ្រព្យ នាំចូលអាហាបំប៉ន និងភោជនីយដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Picasso ដឹកនាំដោយលោក Teng Cheng Yueh ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរ។
កិច្ចព្រមព្រៀងនេះ គឺជាការផ្តើមយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមគ្នាបង្កើតដំណោះស្រាយបញ្ហាអចលនទ្រព្យ ដែលកំពុងជាប់គាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្សារភ្ជាប់ការអភិវឌ្ឍន៍គុណភាពខ្ពស់របស់ក្រុមហ៊ុន Picasso ជាមួយសមត្ថភាពគ្រប់គ្រង និងបណ្តាញទីផ្សាររបស់ក្រុមហ៊ុន Econ Group។ ជាមួយនឹងកិច្ចសហការនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង ដែលមានភាពខុសប្លែក និងស៊ីជម្រៅទាំងក្នុងវិស័យលំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្ម។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ស្ថាបនិកនៃក្រុមហ៊ុន Econ Group និងជាប្រធានគណៈកម្មការអាស៊ីប៉ាស៊ីហ្វិក(APC-Cambodia)បានលើកឡើងថា កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ Econ Group ហើយការរួមដៃជាមួយ Picasso ដែលមានគោលបំណងដូចគ្នា នឹងជួយឱ្យយើងផ្តល់នូវតម្លៃបន្ថែមដល់អតិថិជន និងជម្នះឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារថ្មី។

អ្នកឧកញ៉ាបណ្ឌិត បានកត់សម្គាល់ឃើញថា កាលពីមុនប្រជាជនកម្ពុជា មិនសូវចាប់អារម្មណ៍ខុនដូរទេ ប៉ុន្ដែងាកមកចាប់អារម្មណ៍ពេលដែលខុនដូរបានរីកដុះដាលច្រើន និងបានចាប់អារម្មណ៍ចំពោះការរស់នៅក្នុងខុនដូរដែលជាកន្លែងរស់នៅជាលក្ខណៈឯកជនងាយស្រួល។ អ្នកឧកញ៉ាបានឱ្យដឹងទៀតថា បច្ចុប្បន្នប្រទេសដែលនៅជុំវិញអាស៊ីប៉ាស៊ីហ្វិកក៏បានឈានចូលមកប្រទេសកម្ពុជាក្នុងការវិនិយោគកាន់តែច្រើននៅក្នុងឆ្នាំ២០២៥នេះ ហើយសេដ្ឋកិច្ចកម្ពុជាក៏នឹងចាប់ផ្ដើមងើបឡើងវិញពីឆ្នាំ២០២៥ ឡើងទៅម្ដងបន្ដិចៗ រហូតដល់ឆ្នាំ២០៣០ ដោយអ្នកឧកញ៉ារំពឹងទុកថា អ្នករកស៊ីសាងសង់ខុនដូរ ការលក់ខុនដូរ និងលក់ផ្ទះផ្សេងៗទៀត នឹងមានស្ថានភាពល្អឡើងវិញ។ អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ «អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺអ្នកនៅក្រៅប្រទេសបានមករកទិញខុនដូរច្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះ អចលនទ្រព្យនៅក្នុងឆ្នាំ២០២៥នេះ នឹងចាប់ផ្ដើមរើបឡើងវិញបន្ដិចម្ដងៗ»។

អ្នកឧកញ៉ាបណ្ឌិត ថ្លែងឱ្យដឹងទៀតថា តាមរយៈការចុះអនុស្សរណៈនេះ នឹងទទួលបានជោគជ័យលើវិស័យអចលនទ្រព្យខុនដូរ ដោយមើលឃើញថា Picasso ជាក្រុមហ៊ុនមកពីក្រៅប្រទេស ហើយការសាងសង់ក៏មានស្ដង់ដារខ្ពស់ ជាពិសេសក្រុមហ៊ុនមានភាពជោគជ័យ នៅក្នុងវិស័យខុនដូរនេះជាយូរឆ្នាំណាស់មកហើយ។

លោក Teng Cheng Yueh បានឱ្យដឹងដែរថា ក្រុមហ៊ុន Picasso មានក្តីរីករាយ ក្នុងការធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Econ Group ហើយនឹងរួមគ្នាផ្តល់នូវគុណតម្លៃបន្ថែមដល់អតិថិជន បង្កើតគម្រោងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពល្អប្រសើរ និងស៊ីជម្រៅទៅក្នុងទីផ្សារកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន Econ Group ជាក្រុមហ៊ុនជំនាញខាងការគ្រប់គ្រង និងទីផ្សារអចលនទ្រព្យ និងនាំចូលអាហារបំប៉នរួមទាំងវិស័យភោជនីយដ្ឋាន ដែលមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ និងបទពិសោធន៍ក្នុងការផ្តល់ដំណោះស្រាយរួមគ្នាដល់អ្នកវិនិយោគ។ ចំណែក ក្រុមហ៊ុន Picasso ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយដែលស្ថិតនៅជួរមុខខាងការបង្កើតគម្រោងអភិវឌ្ឍន៍អចលទ្រព្យដែលមានច្នៃប្រឌិត និងផ្តោតទៅលើគុណភាព និងបរិយាកាសរស់នៅ។