ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារក្នុងការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី (EV)
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍លោក យៀក ឆឹងហ៊ុយ និងសហការីយ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ដោយឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនាពេលនេះ ក៏ជាឱកាសថ្មីមួយទៀតសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដែលនេះជាការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្ត ការនាំចូល និងបន្ដកើនឡើង។ ដូចនេះ វាជាគឺជាឱកាសដ៏ល្អបំផុត ដែលក្រុមហ៊ុន និងក្រសួង ត្រូវសហការគ្នាក្នុងការបណ្តុះបណ្តាលយុវជនឱ្យទទួលបានជំនាញកាន់តែខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពជាដៃគូ ដើម្បីការកសាងកម្លាំងពលកម្មជំនាញ ត្រៀមខ្លួនសម្រាប់អនាគត និងមានភាពធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ និងភាពប្រកួតប្រជែងក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប លោក យៀក ឆឹងហ៊ុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ ដែលបានគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឱ្យក្រុមហ៊ុន BYD ទទួលបានភាពជោគជ័យនាពេលនេះ។ លោកបានជម្រាបជូនពីប្រវត្តិប្រតិបត្តិការ វឌ្ឍនភាពប្រកបដោយមោទកភាព និងយុទ្ធសាស្ត្របន្តរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ក៏ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនេះ ភាគីទាំងពីរបានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស, ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម៕



