ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo នៃប្រទេសឥណ្ឌា លើកដំបូង បានហោះហើរតភ្ជាប់ ពីប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា ដែលធ្វើការចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានសៀមរាប-អង្គរ។
ឯកឧត្តម ស៊ីន សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាសញ្ញាណមួយដ៏ល្អបំផុតក្នុងការតភ្ជាប់ជើងហោះហើររវាងប្រទេសកម្ពុជា និងឥណ្ឌា ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានយន្តហោះជាង ៤០០ គ្រឿង បានហោះហើរនៅលើពិភពលោក និងមានភាពលេចធ្លោជាងគេនៅប្រទេសឥណ្ឌា។
ឯកឧត្តមបន្តថា ជើងហោះហើរដំបូងនេះ ជាយន្តហោះអ៊ែបឹសហ្វាម៉ាលី 320-321 នឹងធ្វើការហោះហើរបីជើងក្នុងមួយសប្ដាហ៍ ក្នុងតំបន់ទេសចរណ៍ទឹកដីសៀមរាបអង្គរប្រទេសកម្ពុជា។ ការចុះចតលើកដំបូងជាប្រវត្តិសាស្ត្រនេះ មានអ្នកដំណើរជិត ១៣០ នាក់ និងត្រឡប់ទៅវិញមានអ្នកទេសចរជាង ៦០ នាក់ ដែលត្រូវបានស្វាគមន៍យ៉ាងអធិកអធមពីគណៈប្រតិភូកម្ពុជា។
ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ជើងហោះហើរជាលក្ខណៈអន្តរជាតិ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ មានចន្លោះចាប់ពី ២២ ជើង ទៅ ២៣ ជើង ក្នុងមួយថ្ងៃ ហើយមានភ្ញៀវទេសចរអន្តរជាតិប្រមាណពី ២ ០០០ នាក់ ទៅ ៣ ០០០ នាក់៕



