ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំ សប្បុរសធម៌យុទ្ធនាការ មូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន

ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំ សប្បុរសធម៌យុទ្ធនាការ មូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2)។

ក្នុងឱកាសពិធី អបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីសប្បុរសធម៌ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD និងលោកស្រី ខ្លឹង ផល្លី អគ្គនាយិកាក្រុមហ៊ុន SL HI-TECH CO,.LTD និងបុគ្គលិកក្រុមហ៊ុន SL HI-TECH CO,.LTD ទាំងអស់។

ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានមានប្រសាសនថា ក្នុងបរិបទដើម្បីអបអរសាទរ ការខិតខំប្រឹងប្រែង និងដំណើរការដ៏ជោគជ័យរយៈពេល ២៥ឆ្នាំរបស់ទឹកពិសា ហាយធិចរបស់ក្រុមហ៊ុន SL HI-TECH CO,.LTD ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា ដោយយើងបាននាំអារម្មណ៍អ្នកទាំងអស់គ្នាដើម្បីវិលត្រឡប់ទៅកាន់ ទស្សវត្សឆ្នាំ ២០០០ តាមរយៈការនាំយកត្រឡប់មកវិញនូវដបទឹក Retro ស៊េរីចាស់ របស់ទឹកពិសា ហាយធិចដែលជាដបទឹកដំបូងបង្អស់របស់យើង។

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន និងប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុននោះ ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀតដោយទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោកអគ្គនាយក ក្រុមហ៊ុន SL HI-TECH CO,.LTD បានបន្តថា ថ្ងៃនេះក្រុមហ៊ុន SL HI-TECH CO,.LTD បាននាំយកកាដូពិសេសមួយជូនមន្ទីរគន្ធបុប្ឆា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដែលជាព្រឹត្តិការណ៍សប្បុរសធម៌របស់ក្រុមហ៊ុន ចំពោះថវិកានៃការលក់ទឹកពិសា ហាយធិចចំនួន១ ម៉ឺនយួរស្មើនឹង ១០០ លានរៀលប្រគល់ជូនមន្ទីរគន្ធបុប្ឆាសម្រាប់ក្មេងៗដែលមកសម្រាកព្យាបាលមន្ទីរគន្ធបុប្ឆា និងជាការចូលរួមសង្គមជាតិបែបមនុស្សធម៌ ៕