ក្រុមហ៊ុនខនហ្វីរេល សម្ពោធសិប្បកម្មកែច្នៃផលិតផល (ម្សៅប្រហុក) ដើម្បីលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ងាយស្រួលក្នុងការប្រើ និងមានការវេចខ្ចប់ដោយសុវត្ថិភាព និងមានគុណភាពខ្ពស់

ក្រុមហ៊ុនខនហ្វីរេល ដែលជាក្រុមហ៊ុនគាំទ្រផលិតផលខ្មែរ បានសម្ពោធសិប្បកម្មកែច្នៃផលិតផល (ម្សៅប្រហុក) ដោយមិនត្រឹមតែជាការចូលរួមអភិរក្សនូវរសជាតិដើមដ៏ល្អឥតខ្ចោះរបស់ប្រហុកខ្មែរនោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ការរក្សាទុកដាក់ និងអនាម័យខ្ពស់ផងដែរ ដែលធ្វើឱ្យប្រហុកម្សៅ របស់ខនហ្វីវេលខ្មែរ លេចធ្លោនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ពិធីសម្ពោធជាផ្លូវការសិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ក្រោមកម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល មានការអញ្ជើញចូលរួមពីឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកបណ្ឌិត Seetharama ShettyTHOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO)។
គម្រោងនៃការកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីវេល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣ ហើយគឺជាសិប្បកម្មកែច្នៃប្រហុកម្សៅលើកដំបូង ដែលបានសាងសង់លើផ្ទៃដីទំហំ ២៤០០ ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតប្រហុកម្សៅបាន ៥០០០ កែវ ឬស្មើនឹង ១តោន ប្រហុក ស្រស់ក្នុងមួយថ្ងៃ។
សិប្បកម្ម បានបង្កើតការងារថ្មីសម្រាប់បុគ្គលិកចំនួន៣៧ កន្លែង ដែលភាគច្រើនជាស្ត្រី។ លើសពីនេះទៅទៀត ក្រុមហ៊ុន ខនហ្វីរេល ទទួលវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ។
ក្រុមហ៊ុនបាននឹងកំពុងធ្វើផែនការពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈការបង្កើតជា ផលិតផលថ្មីជាច្រើន តបតាមតម្រូវ និងរសជាតិរបស់អតិថិជន ដោយក្រុមហ៊ុនបានបង្កើត មជ្ឈមណ្ឌលកែច្នៃ និងនវានុវត្តន៍អាហារ ដើម្បីឆ្លើយតបនឹងការស្រាវជ្រាវថ្មីៗលើការផលិតគ្រឿងទេសខ្មែរ ពិសេសគឺប្រហុក។
តាមរយៈការគាំទ្រពីគម្រោង CAPFISH-Capture សិប្បកម្មបានអភិវឌ្ឍ និងពង្រីកផលិតកម្ម ឱ្យកាន់តែទំនើប ដើម្បីបង្កើនផលិតភាព និងមានសមត្ថភាពប្រកួតប្រជែងនៅទីផ្សារពិភពលោក តបតាមចក្ខុវិស័យនៃការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើសវនកម្មរបស់ DG SANTE ដែលស្ថាប័នអនុម័តលើសុវត្ថិភាពអាហាររបស់សហភាពអឺរ៉ុប ដើម្បីការនាំចេញផលិតផល 1/3 បស់កម្ពុជា និងរំពឹងថា DG SANTE នឹងមកធ្វើសវនកម្មនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកផលិតផលផលរបស់យើង។
សូមជម្រាបថា នេះគឺជាលើកទី៣ហើយ ដែលក្រសួង និងអង្គការ UNIDO សហការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដោយដំណើរទស្សនកិច្ចលើកទី១ រៀបចំធ្វើកាលពី ខែកញ្ញា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចលើកទី២ រៀបចំធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ បានទទួលជោគជ័យគួរជាទីមោទនៈ។
ចំពោះដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានលើកទី៣នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដើម្បីចុះទៅរោងចក្រផលិត និងកែច្នៃប្រហុកម៉្សៅ និងសហគ្រាសផ្គត់ផ្គង់ប្រហុក GI (ម៉ាកសម្គាល់ភូមិសាស្រ្ត) ដែលមានវិញ្ញាបនបត្រ CQS ផងដែរ។ កម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ ក៏ជាពេលវេលា និងឱកាសចុងក្រោយ ដើម្បីបង្ហាញអំពីសមិទិ្ធផលរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលហិរញ្ញប្បទានពីសហភាពអឺរុប នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥៕