ក្រុមយុវជន Gen Z ប៉េរ៉ូព្យាយាមយកគម្រូតាមប្រទេសដទៃទៀត ដើម្បីបណ្តេញប្រធានាធិបតីទើបឡើងកាន់តំណែងថ្មីជិត១សប្តាហ៍ចេញ! ប៉ុន្តែលោកបដិសេធមិនចុះចេញដាច់ខាត

ប្រធានាធិបតីថ្មីរបស់ប្រទេសប៉េរូលោក José Jerí បដិសេធមិនចុះចេញពីតំណែងជាដាច់ខាតកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងស្រុក) បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងការឡើងដំណែងថ្មីរបស់លោក ដែលបណ្តាលឲ្យមានការប៉ះទង្គិចគ្នារហូតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ ដែលជាបាតុកម្មទ្រង់ទ្រាយធំដែលដឹកនាំដោយសកម្មជនជាក្រុមយុវជន Gen Z ដែលព្យាយាមធ្វើតាមបណ្តាប្រទេសមួយចំនួនដែលយុវជន Gen Z ទទួលបានជោគជ័យ ហើយពួកគេចង់យកតម្រាប់តាម ដោយទាមទារឱ្យលោកចុះចេញពីតំណែងនោះ។ មានមនុស្សប្រហែលជា១០០នាក់បានរងរបួសផងដែរ រួមទាំងមន្រ្តីប៉ូលីស៨០នាក់ និងអ្នកកាសែត១០នាក់ផងដែរ នេះបើយោងតាមអាជ្ញាធរបញ្ជាក់ និងកំពុងស៊ើបអង្កេតលើហេតុការណ៍បាញ់ប្រហារគ្នា និងបណ្តាលឲ្យបាតុករស្លាប់។ លោក Jerí បានប្រាប់សារព័ត៌មានក្នុងស្រុកថា “ខ្ញុំនឹងមិនលាលែងពីតំណែងទេ ពីព្រោះខ្ញុំបានប្តេជ្ញាចិត្តរួចហើយនូវចំពោះប្រទេសជាតិរបស់ពួកយើង និងប្តេជ្ញាចិត្តយ៉ាងពេញលេញថានឹងស្តារបញ្ហាដែលធ្លាប់ជួបប្រទះឡើងវិញបាន” ។
ការតវ៉ាបានចាប់ផ្តើមកាលពីមួយខែមុនដែរអំឡុងពេលអតីតលោកស្រីប្រធានាធិបតីនៅកាន់តំណែង ដោយបាតុករបានអំពាវនាវឱ្យមានប្រាក់សោធននិវត្តន៍ និងប្រាក់ឈ្នួលកាន់តែប្រសើរសម្រាប់ក្រុមយុវជន និងបានពង្រីកវាកាន់តែធំដើម្បីបង្ហាញពីទុក្ខលំបាករបស់ប្រជាជនប៉េរូយ៉ាងច្រើនរាប់មិនអស់ ធ្លាប់បានធុញទ្រាន់នឹងបញ្ហាឧក្រិដ្ឋកម្ម អំពើពុករលួយ និងភាពមិនសប្បាយចិត្តជាច្រើនទសវត្សរ៍ជាមួយរដ្ឋាភិបាលបន្តបន្ទាប់របស់ពួកគេ។ បន្ទាប់ពីលោក Jerí បានក្លាយជាប្រធានាធិបតីទី៧ កាលពីថ្ងៃទី១០ខែតុលាថ្មីៗនេះ និងជារយៈពេលតិចជាងមួយទសវត្សរ៍ដែលប្រទេសប៉េរ៉ូមានប្រធានាធិបតីស្បថចូលកាន់តំណែងច្រើនក្នុងប្រទេស ស្រាប់តែក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោកនិងសមាជិកសភាផ្សេងទៀតលាលែងពីតំណែងភ្លាមៗដែរ។ ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសប៉េរូបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតលើករណីស្លាប់របស់បាតុករអាយុ ៣២ឆ្នាំ និងជាតារាចម្រៀងហ៊ីបហប Eduardo Ruíz នោះហើយ! ដែលព្រះរាជអាជ្ញាបាននិយាយថារូបគេត្រូវបានបាញ់ដោយអាវុធម្យ៉ាងអំឡុងពេលមានបាតុកម្មដ៏ធំរបស់យុវជនវ័យក្មេងរាប់ពាន់នាក់។ ស្ថាប័ននេះបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា៖ ពួកគេ បានបញ្ជាឱ្យដកហូតសពរបស់លោក Ruíz ចេញពីមន្ទីរពេទ្យក្រុម Lima និងប្រមែប្រមូលភស្តុតាងពីសោតទស្សន៍ ក្នុងតំបន់ទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនោះ ដែលវាជាបរិបទនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះដែរប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរូបភាពតាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីថាលោក Ruíz បានដួលគ្រិបនៅផ្លូវនៃក្រុង Lima បន្ទាប់ពីបុរសម្នាក់បានបាញ់របស់ម្យ៉ាងរួចរត់គេចខ្លួនបាត់ឈឹងតែម្តង។ មានសាក្សីបាននិយាយថា ខ្មាន់កាំភ្លើងដែលរត់គេចខ្លួនជាមន្ត្រីប៉ូលិសប៉ុន្តែស្លៀកពាក់ស៊ីវិលនឹងបានជ្រៀតចូលក្នុងចំណោមបាតុករទាំងនោះ ដូច្នេះរឿងនេះនៅមិនទាន់បានដោះស្រាយនៅឡើយទេ! ដែលវាគឺជាបញ្ហារសើបធ្វើឲ្យយុវជន Gen Z កាន់តែមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលប៉េរ៉ូរហូតមកដល់ពេលនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ