ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងទ្វេរដង
 
								ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម Shahin Seyidzade សមាជិកសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានក្រុមមិត្តភាពសភាអាស៊ែបៃហ្សង់-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមមិត្តភាពរដ្ឋសភាទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភាអាស៊ែបៃហ្សង់ ខណៈដែលឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ អមដំណើរឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ «រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់រដ្ឋ ក្នុងពិភពលោកសហសម័យ» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៕
 
  
  
  
 
 
			



