ក្រុមមន្រ្តីឧទ្យានុរក្សនៅក្នុងខេត្តស្ទឹងត្រែង ចុះពិនិត្យឃើញមានវត្តមានសត្វព្រៃនិងបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ធានាបង្កើនគម្របបៃតងនៅកម្ពុជា
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំប្រធាន អនុប្រធានការិយាល័យ នាយកដែន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងចម្រុះនៃរដ្ឋបានខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តខេត្តស្ទឹងត្រែង។
ក្រុមការងារបានចុះល្បាតដល់ចំណុចអូរកាសៀប និងបានប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន៥ក្បាល បាកំពុងរស់នៅដោយក្តីសុខសាន្ត។ សត្វប្រភេទនេះ ត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះ ជិតផុតពូជក្នុងបញ្ជីក្រហមរបស់ IUCN ។
បន្ទាប់មកក្រុមការងារ បានបន្តចុះល្បាតដល់ចំណុចអូរវែង និង ដល់ជើងភ្នំយក្សហ៊ើប ក្រុមការងារបានបង្ហោះដ្រូន ត្រួតពិនិត្យមើលគម្របព្រៃឈើជុំវិញ ស្ថានភាពព្រៃឈើពុំមានអ្វីគួឱ្យកត់សម្គាល់ឡើយ។ នប៉ុន្តែក្រុមការងារបានកត់សំគាល់មានវត្តមានសត្វស្វាព្រាម១ហ្វូងប្រហែល១០ក្បាល បានកំពុងរស់នៅនៅទីនោះ។ ស្វាព្រាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទគំរាមកំហែង។បន្ទាប់មកទៀត ក្រុមការងារបានលឺសម្លេងសត្វទោចយំចំនួន២ក្រុម ប្រហែល១០ក្បាលផងដែរ។
សូមបញ្ជាក់ថា ក្នុងពេលចុះល្បាត ក្រុមការងារបានពិនិត្យលើផែនទី ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានភូមិសាស្រ្ត និងប្រើប្រាស់ដ្រូន ដើម្បីត្រួតពិនិត្យអំពីគម្របព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិផងដែរ។ នៅក្នុពេលល្បាតដល់ចំណុចអូរក្ងោក ក្រុមការងារបានអនុវត្តវិធានការច្បាប់ចំពោះបទល្មើស អញ្ញាតជន ដែលបានលួចកាប់រានដីព្រៃ ចំនួន១កន្លែង មានទំហំជិត១ហិកតា។ ក្រុមល្បាតយើងបានប្រមូលទិន្នន័យ និងបន្តស្រាវជ្រាវស៊ើបអង្គេត ស្វែងរកជនល្មើស និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕



