ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖ រយៈពេល១ឆ្នាំ កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ៦៣០ មានទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា រយៈពេលមួយឆ្នាំ គឺក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង ត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.)។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា គម្រោង វិនិយោគដែលមានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។

 ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. នៃ ក.អ.ក.បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាម៉េរិក។

សមិទ្ធផលនេះជា ការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ គ.វ.ក. នៃ ក.អ.ក.បានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ៕