ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រៀបចំសិក្ខាសាលា ស្តីពី ការផ្ទៀងផ្ទាត់លទ្ធផល នៃក្របខ័ណ្ឌសូចនាករ តាមដានប្រព័ន្ធស្បៀងនៅកម្ពុជា
សម្រាប់ការដោះស្រាយបញ្ហាប្រព័ន្ធស្បៀងនៅកម្ពុជា មិនមែនជាការទទួលខុសត្រូវរបស់ក្រសួង ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវតែរៀបចំឱ្យមានក្របខ័ណ្ឌសូចនាករតាមដាន ស្តីពី ប្រព័ន្ធស្បៀង ដែលអាចឆ្លុះបញ្ចាំង ឱ្យឃើញពីតថភាព នៃប្រព័ន្ធស្បៀងទាំងមូល ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។
នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការផ្ទៀងផ្ទាត់លទ្ធផល នៃក្របខ័ណ្ឌសូចនាករតាមដានប្រព័ន្ធស្បៀងនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឲ្យដឹងទៀតថា សិក្ខាសាលានេះធ្វើឡើងក្នុង គោលបំណង ដើម្បីពិនិត្យ និងអនុម័តលើក្របខ័ណ្ឌសូចនាករតាមដាន ស្តីពី ប្រព័ន្ធស្បៀងរបស់កម្ពុជា ដែលបានរៀបចំឡើងឱ្យស្របទៅនឹងអាទិភាពនានារបស់ជាតិ អាណត្តិការងាររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតម្រូវការរាយការណ៍អំពីវឌ្ឍនភាពនៃការប្តេជ្ញាចិត្តរបស់កម្ពុជានៅអន្តរជាតិ។ ម្យ៉ាងទៀត ត្រូវរៀបចំការងារសម្របសម្រួលសម្រាប់ការផលិតទិន្នន័យ ការរក្សាទុកទិន្នន័យ ការរាយការណ៍ ការវិភាគ និងការកំណត់រកឱកាសដើម្បីពង្រឹងការប្រើប្រាស់ព័ត៌មាន និងសូចនាករតាមដានស្តីពីប្រព័ន្ធស្បៀងរបស់កម្ពុជា នៅក្នុងដំណើរការធ្វើផែនការ ការរៀបចំថវិកា ការអនុវត្ត និងការពិនិត្យមើលគោលនយោបាយឡើងវិញឱ្យស្របតាមតួនាទីនិងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ពិនិត្យលើរបាយការណ៍បឋមនៃការវាយតម្លៃឯករាជ្យស្តីពីការពង្រឹងយន្តការអភិបាលកិច្ចប្រព័ន្ធស្បៀង តាមរយៈក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលការងារនេះត្រូវបានដឹកនាំសិក្សាដោយ សាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តទៀតថា ឆ្លងកាត់បទពិសោធន៍កម្រិតអន្តរជាតិ និងក្របខ័ណ្ឌការងាររបស់គំនិតផ្តួចផ្តើមរាប់ថយក្រោយ ស្តីពី ប្រព័ន្ធស្បៀង ដែលកំពុងជួយប្រទេសនានា ដើម្បីពង្រឹងការងារតាមដាន និងការទទួលខុសត្រូវលើប្រព័ន្ធស្បៀង ដែលដឹកនាំដោយអង្គការ GAIN អង្គការ GIZ និងដៃគូអភិវឌ្ឍនានា ដែលបានសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រៀបចំក្របខ័ណ្ឌសូចនា ករតាមដាន ស្តីពីប្រព័ន្ធស្បៀងនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ដែរថា តាមរយះលទ្ធផលនៃការវាយតម្លៃបានរកឃើញថា ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាយន្តការសម្របសម្រួលដ៏មានប្រសិទ្ធភាព មានការចូលរួមយ៉ាងទូលំទូលាយ និងបានរួមចំណែកដ៏សំខាន់ចំពោះភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ និងសកម្មភាពការងាររួម។ លទ្ធផលនៃការវាយតម្លៃនេះ ក៏កំណត់បាននូវឱកាសសម្រាប់ធ្វើការពង្រឹងបន្ថែមទៀតនូវប្រព័ន្ធអភិបាលកិច្ច ការចូលរួម គណនេយ្យភាព និងប្រព័ន្ធតាមដាន។
លោកស្រីវេជ្ជបណ្ឌិត Bianca Carducci អ្នកវិទ្យាសាស្ត្រ និងជាតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ក៏បានឲ្យដឹងដែរថា ជាការពិត ការត្រួតពិនិត្យគឺជាគោលដៅរួមគ្នា ផ្តោតតែលើកម្រិតអន្តរជាតិ ដោយប្រើវិធីសាស្រ្តស្របគ្នានៅគ្រប់ប្រទេសទាំងអស់ ដែលត្រូវបានរឹតត្បិត ដោយទិន្នន័យដែលមាននៅកម្រិតនោះ។ សារៈប្រយោជន៍ សម្រាប់ការធ្វើការប្រៀបធៀបអន្តរជាតិ និងការត្រួតពិនិត្យ នៅក្នុងវេទិកាសកល ប៉ុន្តែ គ្រប់ប្រទេសនីមួយៗ មានលក្ខណៈពិសេសៗ ដូចជាទាក់ទងនឹងបរិបទ គោលដៅ ធនធាន និងការរឹតត្បិត។ ដូច្នេះ កិច្ចសហការជាមួយ GIZ, FAO និងដៃគូផ្សេងទៀត ដើម្បីធ្វើមូលដ្ឋានីយកម្មវិធីសាស្រ្តរបស់ Countdown នៅក្នុងប្រទេសចំនួន15 ជុំវិញពិភពលោក ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលយើងកំពុងធ្វើការដើម្បីធ្វើដូច្នេះ។
លោកស្រី Rebekah Bell នាយកប្រចាំប្រទេស FAO និងជាសហប្រធាសម្របសម្រលដៃគូអភិវឌ្ឍ TWG-FSN ក៏បានលើកឡើងដែរថា អង្គការ FAO រួមនិងភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត មានមោទនភាព ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ និងពង្រឹងអភិបាលកិច្ចប្រព័ន្ធចំណីអាហារ។ ដោយធ្វើការរួមគ្នាជាមួយសម្ព័ន្ធភាពដ៏ធំទូលាយនៃដៃគូប្រព័ន្ធចំណីអាហារ យើងជឿជាក់ថាការអនុវត្តប្រកបដោយជោគជ័យនៃក្របខ័ណ្ឌត្រួតពិនិត្យនេះអាចរួមចំណែកមិនត្រឹមតែដល់ការធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ការកៀរគរការវិនិយោគកាន់តែច្រើនសម្រាប់ប្រព័ន្ធចំណីអាហារប្រកបដោយចីរភាព ធន់ និងងាយរងគ្រោះដោយសារអាហារូបត្ថម្ភផងដែរ។
លោកស្រី បានបញ្ជាក់ដែរថា ការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងអស់ ដែលតំណាងនៅទីនេះនឹងមានសារៈសំខាន់ ដើម្បីធានាថាក្របខ័ណ្ឌនេះ នឹងការងារពាក់ព័ន្ធ ជាក់ស្តែង និងឆ្លើយតបទៅនឹងអាទិភាព ដែលកំពុងវិវត្តរបស់ប្រទេសកម្ពុជា។






