ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆាំ្ន២០២៦
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ នាទីស្តីគណរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆាំ្ន២០២៦ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណងការជំរុញទីផ្សារសម្រាប់ចលនាភូមិមួយផលិតផលមួយ និងលើកកម្ពស់ផលិតផលប្រើប្រាស់សក្តានុពលក្នុងស្រុក ដើម្បីជួយបង្កើតឲ្យមានសេដ្ឋកិច្ចក្នុងមូលដ្ឋាន មានភាពរស់រវើកជានិរន្តរ៍ ដើម្បីបង្កើនប្រាក់ចំណូល បង្កើតផ្តល់ឪកាសការងារ ពិសេសធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន។
បន្ទាប់ពីរ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអានរបាយការណ៍ ស្តីពី សមិទ្ធផលសំខាន់ៗរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា ក្នុងស្មារតីឆ្លើយតបទៅបរិការណ៍ថ្មីនៃសង្គម ក្រោមការចង្អុលបង្ហាញ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ការជំរុញចលនាភូមិ មួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាន នៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ សោភ័ណភាពការវេចខ្ចប់ និងជាពិសេស គឺការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផល ជា “ផលិតផលភូមិមួយផលិតផលមួយ។ លើសពីនេះ ការលើកឡើងនូវគំនិត ដាក់ចំណាត់ថ្នាក់ (ផ្កាយ) ដល់ផលិតផលភូមិមួយផលិតផលមួយ ដែលនឹងចាប់ផ្តើមអនុវត្តនៅពេលដ៏ខ្លីខាងមុខ នឹងក្លាយទៅជាកត្តាជំរុញ និងលើកទឹកចិត្តដល់អ្នកផលិត ឲ្យកាន់តែខិតខំពង្រឹងសមត្ថភាព ក្នុងការផលិតកែច្នៃថែមទៀត ដែលការណ៍នេះ នឹងធ្វើឲ្យផលិតផលក្នុងស្រុករបស់យើង កាន់តែមានឧត្តមភាពផ្នែកទីផ្សារ ក្នុងការប្រកួតប្រជែង សម្រាប់ទាំងទីផ្សារក្នុងស្រុក និងទាំងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ដើម្បីសម្រេចឲ្យបានជាអតិបរិមា នូវគោលបំណងទាំងឡាយដែលបានគ្រោងទុក ដែលបានដាក់ចេញក្នុងគោលនយោបាយជាតិ ស្តីពី ការជំរុញចលនា ភូមិមួយផលិតផលមួយ (២០១៦-២០២៦) សូមឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញ ចលនាភូមិមួយផលិតផលមួយនេះ ឲ្យកាន់តែសកម្ម កាន់តែផុលផុស ធ្វើឲ្យយើងកាន់តែមានផលិតផលក្នុង ស្រុកដ៏សម្បូរបែប ទទួលបាននូវមោទនភាពជាតិ និងកិត្យានុភាពជាតិ។រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជន តាមរយៈការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ធន់ បរិយាប័ន្ន ផ្ដល់នូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងរបបអាហារសុខភាព សម្រាប់ប្រជាជនគ្រប់រូប។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់ ស្ថាប័នពាក់ព័ន្ធ រដ្ធបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានផ្ដល់ការគាំទ្រក្នុងការចូលរួម និងសហការជាមួយស្ថាប័នទាំងពីរ រហូតទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ចំពោះសមិទ្ធផលដែលសម្រេចបានទាំងនេះ គឺបង្ហាញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាព សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការលើក ស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ការពង្រឹងប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាតនិងអនាម័យ និងចូលរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុកសំដៅធានាបាននូវសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ ជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។



