ក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល” រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងភាគីពាក់ព័ន្ធ សរុបប្រមាណ ១០០រូប។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា, ស្របតាមស្មារតីសមាជរដ្ឋសភា និងព្រឹទ្ធសភា, នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាល VERIFY.GOV.KH នេះ នឹងរួមចំណែកបំពេញបន្ថែម នូវសុក្រឹតភាព និងភាពឆាប់រហ័សនៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលផងដែរ។ ថ្នាលគាំពារសង្គមឌីជីថលនេះ ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបច្ចុប្បន្ន បាននិងកំពុងពង្រីកវិសាលភាពជាជំហានៗ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម តាមរយ:ការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម ដែលអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យគ្នាទៅវិញទៅមកលើថ្នាលឌីជីថលរួម សំដៅផ្សារភ្ជាប់ប្រព័ន្ធទាំងអស់ក្នុងប្រព័ន្ធគាំពារសង្គមឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីរួម។ ជាមួយគ្នានេះ, ថ្នាលគាំពារសង្គមឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលការងារដល់មន្ត្រីអនុវត្តកម្មវិធីជាតិជំនួយសង្គម ដើម្បីឱ្យអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម កាន់តែមានភាពងាយស្រួលក្នុងការចុះបញ្ជីទទួលយកកញ្ចប់អត្ថប្រយោជន៍ពីកម្មវិធីជាតិគាំពារសង្គមនានា និងពង្រឹងគុណភាពទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បន្ថែមលើទិន្នន័យដែលធ្វើការវាយបញ្ចូលទិន្នន័យចុះបញ្ជីគាំពារសង្គមដោយដៃ។
ឯកឧត្តម ជា សេរីវឌ្ឍ បានជម្រាបជូនអង្គពិធីថា កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿនការប្រើបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) សម្រាប់ការអភិវឌ្ឍនិងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគាំពារសង្គម ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មនិងសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម។ ជាក់ស្តែង ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ដែលជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការនាថ្ងៃនេះ ត្រូវបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យាឈានមុខ (ប្លុកឆេន) ស្របតាមគោលការណ៍យថាភូតភាព បូរណភាព និងសុពលភាព ដែលមានភាពរឹងមាំធន់នឹងការវាយប្រហារទាំងឡាយ ហើយថ្នាលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនប្រសិទ្ធភាពនៃអន្តរប្រតិបត្តិការប្រព័ន្ធគាំពារសង្គមប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តផងដែរ។
គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកធ្វើបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបន្ថែមទៀតនូវការជំរុញ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយប្រើថ្នាល VERIFY.GOV.KH ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនានា ក្នុងរំហូរនៃការចុះបញ្ជី និងបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ លើ “ថ្នាលគាំពារសង្គមឌីជីថល” (Digital Social Protection Platform) ជូនដល់អ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម៕