ក្រុមប្រឹក្សាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងលទ្ធផលដោះស្រាយសំណើសំណូមពរនានានៅក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងតាមដានលទ្ធផលនៃការគាំទ្រ និងដោះស្រាយសំណើ សំណូមពរនានា ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ឆ្នាំ២០២៥នៅសាលប្រជុំរដ្ឋបាលក្រុងកោះរ៉ុង។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង លោក-លោកស្រី អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុងកោះរ៉ុង លោកចៅសង្កាត់ទាំងពីរ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ព្រមទាំងមន្ត្រីអង្គភាពជំនាញនិងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម វង្ស ផាណាត បានគូសបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាយន្តការសំខាន់មួយក្នុងការផ្តល់ឱកាសអោយអង្គពិធីលើឡើងនូវបញ្ហាប្រឈម សំណើ និងសំណូមពរ ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ចូលរួមពិភាក្សា ស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង និងមន្ទីរអង្គភាពជំនាញ ត្រូវបន្តពង្រឹងកិច្ចសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

យោងតាមរបាយការណ៍សង្ខេបរបស់លោក រាជ សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង បានឱ្យដឹងថា ក្រុងកោះរ៉ុង គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីដីគោក មានសង្កាត់ចំនួន ០២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម មានផ្ទៃដីសរុប ១១៣,២៣ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋសរុបចំនួន ៤,៤៣៣នាក់។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយសារក្រុងកោះរ៉ុងជាតំបន់កោះ និងជាតំបន់ទេសចរណ៍ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ត្រូវអនុវត្តជាបន្តបន្ទាប់ និងតាមលទ្ធភាពជាក់ស្តែង។ ក្នុងនោះ សំណើ និងសំណូមពរដែលបានដោះស្រាយបញ្ចប់រួចរាល់មានចំនួន ១៣ករណី កំពុងបន្តដោះស្រាយចំនួន ៣៣ករណី និងមិនទាន់បានដោះស្រាយមានចំនួន០២ករណី។

តាមរយៈកិច្ចប្រជុំនេះមានការចូលរួមជាយោបល់និងទស្សនគាំទ្រពីក្រុមប្រឹក្សាខេត្ត សមាជិក និងអាជ្ញាធរពាក់ព័ន្ធ បានបន្តពិភាក្សា ផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវទិសដៅការងារបន្ថែម ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការជាក់ស្តែងជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍក្រុងកោះរ៉ុងឱ្យក្លាយជាតំបន់ទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព៕

អត្ថបទ៖និន សុផារ