ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងជួបជាមួយ ក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ក្នុងកម្មវិធីបេះដូងសប្បុរស ដើម្បីភូមិរង់ចាំ នាល្ងាចនេះ

ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងជួបប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទាត់រួមគ្នា ដើម្បីកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីផ្ញើនូវក្ដីនឹកលឹក និងការចងចាំរបស់អ្នកជួរក្រោយ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ ព្រោះមិនទាន់អាចវិលទៅផ្ទះវិញបាន ដោយសារការឈ្លានពានរបស់ថៃ។

ការប្រកួតដំបូង ដែលជាកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលរៀបចំ ដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មុនឈានដល់ការប្រកួតដ៏ធំនៅរាជធានីភ្នំពេញ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។

សម្រាប់ការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាល្ងាចថ្ងៃអង្គារនេះដែរ នឹងមានការលក់សំបុត្រក្នុងតម្លៃ ១ម៉ឺនរៀល ហើយរាល់សំបុត្រដែលលក់បានទាំងអស់ នឹងត្រូវឧបត្ថម្ភទាំងស្រុងជូនដល់បងប្អូនភូមិរង់ចាំ។ លើសពីនេះ ប្រជាពលរដ្ឋ និងអ្នកអញ្ជើញចូលរួមទស្សនាទាំងអស់ ក៏អាចបរិច្ចាគជាថវិកា និងសម្ភារផ្សេងៗ ដើម្បីក្រុមការងាររៀបចំជូនដល់អ្នកភូមិរង់ចាំផងដែរ។

សូមបញ្ចាក់ថា ក្រោយបញ្ចប់ការប្រកួតមិត្តភាព នៅថ្ងៃទី១១ ខែសីហា ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ  តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខ ជាមួយនឹងការរៀបចំកម្មវិធីអមជាច្រើនផងដែរ៕