ក្រុមនិស្សិតម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតរ៉ូប៉ូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ ទទួលបានការគាំទ្រ និងលើកទឹកចិត្តពី ឯកឧត្តម នេត្រ ភក្ត្រា មុនចេញទៅប្រកួតរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី ចុងខែសីហា តំណាងប្រទេសកម្ពុជា,

( ភ្នំពេញ )៖ ក្រុមនិស្សិតជ័យលាភីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ប្រចាំ ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC 02 បានអញ្ជើញចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ ការគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រៀមចេញទៅចូលរួមប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី នាចុងខែសីហាខាងមុខនេះ។

ជាការគាំទ្រ និងលើកទឹកចិត្តដល់ទៅក្រុមរ៉ូបូតកម្ពុជា ដែលត្រូវទៅប្រកួតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី ក្រុមហ៊ុនជីពម៉ុងគ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានចូលរួមឧបត្ថម្ភថវិកាដែលខ្វះខាតមួយចំនួនផងដែរ ។
តាមការបញ្ជាក់របស់ប្រធានក្រុមការងារបានអោយដឹងថា ក្រុមការងាររ៉ូបូតចំនួន ១៦រូប ដឹកនាំដោយមន្ត្រីទូរទស្សន៍ជាតិចំនួន ២រូប នឹងត្រូវចេញដំណើរពីកម្ពុជា ទៅធ្វើការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ នៅទីក្រុង Ulan bator ប្រទេសម៉ុងហ្គោលី ដែលការប្រកួត ប្រព្រឹត្តទៅ ២៤-២៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញលើកទឹកចិត្តដល់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC 02 ជ័យលាភីលេខ១ លើការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១២ វិញ្ញាសារបាល់បោះ ដែលតំណាងឲ្យប្រទេសកម្ពុជា ត្រូវចេញទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី នាចុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងទេពកោសល្យឲ្យអស់ដើម្បីធ្វើការប្រកួតទទួលបានជ័យជំនះ នាំយកកិត្តិយសមកជូនប្រទេសជាតិវិញ ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ព្រឹត្តការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដែលជ័យលោភីលេខ១ បានទៅលើក្រុមនិស្សិតមកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC 02 ។

ព្រឹត្តការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ
ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី នាខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕