ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា ពិនិត្យនិងព្យាបាលជម្ងឺ ជូនដល់ពលរដ្ឋជិត ២ពាន់នាក់ នៅខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃ
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជិត ២.០០០ នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលបានការពិនិត្យ និងព្យាបាល ជម្ងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា។ កម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃនេះ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ២ ឃុំ រួមមាន ឃុំស្រែខ្ទុម ចំនួន ១,២០០ នាក់ និងឃុំស្រែព្រះ ចំនួន ៧០០ នាក់ សរុប ១.៩០០ នាក់។ កម្មវិធីបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សាអូរអាម ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសវិស័យសុខាភិបាល ព្រមទាំងការសហការជាមួយអង្គការដៃគូ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ និងកាត់បន្ថយការចំណាយលើបញ្ហាសុខភាពផ្សេងៗ។
ជាក់ស្តែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទប្រចាំកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋសរុប ១,៩០០ នាក់ ដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកស្ទួយសុខភាពប្រជាពលរដ្ឋ។ សេវាកម្មដែលបានផ្តល់រួមមាន ការពិនិត្យសុខភាពទូទៅ ការចែកថ្នាំពេទ្យ ការព្យាបាលភ្នែក និងចែកវ៉ែនតា ការព្យាបាលមាត់ធ្មេញ ព្រមទាំងការពិនិត្យអេកូដល់ស្ត្រីមានផ្ទៃពោះ។ ក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែមានជំនាញវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយមានការចូលរួមពីគ្រូពេទ្យស្ម័គ្រចិត្តមកពីបរទេសផងដែរ៕



