ក្រុមកីឡាករ វាយកូនហ្គោល លំដាប់ពិភពលោក បានមកដល់ ប្រទេសកម្ពុជា ជាលើកដំបូង

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានរៀបចំកម្មវិធីទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានន័យ របស់ក្រុមកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជា ទឹកដីអច្ឆារិយ នៅព្រលានយន្តហោះអន្តរជាតិតេជោ កាលពីល្ងាចមិញនេះ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងក្រុមការងារ បានទទួលស្វាគមន៍វត្តមាន ក្រុមកីឡាករ វាយកូនហ្គោលលំដាប់ពិភពលោក ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នាជាច្រើនយ៉ាងកក់ក្តៅ។ ក្រុមហ៊ុនវឌ្ឍនៈ បាននាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោកនេះ នឹងប្រារព្ធធ្វើនៅ ទីលានវាយកូនហ្គោលវឌ្ឍនៈ រីស៊ត (Vattanac Golf Resort) ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាពអឺរ៉ុប ដែលកម្មវិធីនេះ នឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗ មកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បៈករអន្តរជាតិជាច្រើនទៀត នឹងចូលរួមក្នុងការប្រកួតននេះ ហើយក៏មានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ផងដែរ។

ព្រឹត្តការណ៍កីឡាដ៏ធំ និងអស្ចារ្យលំដាប់ពិភពលោក Vattanac Legends Championship នេះ នឹងមានការចូលរួមដោយប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗ ដែលនឹងចូលរួមប្រកួតនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីស៊ត នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ក្រុមកីឡាករវាយកូនហ្គោលកម្រិតពិភពលោក និងបន្តទស្សនកិច្ចនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីចង់ដឹង និងចង់ស្គាល់អំពីវប្បធម៌ និងអរិយ៍ធម៌ដ៏ល្អផូរផង់របស់កម្ពុជា បន្ទាប់ពីការប្រកួតបានបញ្ចប់ផងដែរ។