ក្រុមកីឡាករ កីឡាការិនី អេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ពីរការប្រកួតកីឡា Esports ជើងឯកពិភពលោក ឆ្នាំ ២០២៥ ជាកំណត់ត្រាថ្មី សម្រាប់វិស័យកីឡាអេឡិចត្រូនិកកម្ពុជា លើឆាកអន្តរជាតិ
ក្រុមកីឡាករ កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ដូចគ្នា សម្រាប់ការប្រកួតកីឡា Esports ជើងឯកពិភពលោក ឆ្នាំ ២០២៥ (IESF World Esports Championship) នៅប្រទេសម៉ាឡេស៊ី ដែលនេះជាកំណត់ត្រាថ្មី សម្រាប់វិស័យកីឡាអេឡិចត្រូនិកកម្ពុជា លើឆាកអន្តរជាតិ។
ក្រុមនារីកម្ពុជា ធ្វើបានយ៉ាងល្អ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល C បន្ទាប់ពីបានឈ្នះ លើក្រុមនារី ម៉ុងហ្គោលី និងកូឡុំប៊ី។ នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា បានចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ០-២ នៅវគ្គ Upper Bracket ប៉ុន្តែនៅវគ្គ Lower Bracket ក្រុមនារីកម្ពុជាបានយកឈ្នះក្រុមនារីតួកគី ដោយលទ្ធផល ២-១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket ដែលវគ្គនេះ ក្រុមនារីកម្ពុជា បានទម្លាក់ក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ២-០ ឡើងទៅ វគ្គ៣ក្រុមចុងក្រោយ។
នៅវគ្គ ៣ ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា បានយកឈ្នះក្រុមនារី អេហ្ស៊ីប ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប ឥណ្ឌូណេស៊ី ជាថ្មី។ ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ០-៣ ដើម្បីទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ១០៥០០ដុល្លារអាមេរិក ខណៈម្ចាស់មេដាយមាស ឥណ្ឌូណេស៊ី ទទួលបានប្រាក់រង្វាន់ ១៧៥០០ដុល្លារ ហើយ អេហ្ស៊ីប ទទួលបានមេដាយសំរិទ្ធ អមដោយប្រាក់រង្វាន់ ៧០០០ដុល្លារ។
ចំណែកក្រុមបុរសកម្ពុជាធ្វើបានល្អបំផុតជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានជើងឯករង។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមបុរសកម្ពុជា បានឈ្នះក្រុមនេប៉ាល់ បេឡារុស្ស៊ី និងដូមីនិក ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល ហើយឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រុមបុរសកម្ពុជាបានយកឈ្នះលើក្រុម កាហ្សាស្ថាន ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលវគ្គនេះ ក្រុមបុរសកម្ពុជាបានយកឈ្នះ តួកគី ដោយលទ្ធផល ២-០ ទៀតដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមបុរសកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ០-៣ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។
ក្នុងនាមជាម្ចាស់មេដាយប្រាក់ ក្រុមបុរសកម្ពុជា ទទួលបានប្រាក់រង្វាន់ ១៩៥០០ដុល្លារអាមេរិក ខណៈម៉ាឡេស៊ីជាម្ចាស់ជើងឯកទទួលបាន ៣២៥០០ដុល្លារ ហើយតួកគី ទទួលបានមេដាយសំរិទ្ធអមដោយប្រាក់រង្វាន់ ១៣០០០ដុល្លារអាមេរិក។
វិញ្ញាសា MLBB ផ្នែកបុរសមានក្រុមជម្រើសជាតិ ១៦ ដែលជម្រុះពីក្រុមតំបន់ចូលរួមប្រកួត ខណៈ ក្រុមជម្រើសជាតិនារីមាន ១២ ក្រុមចូលរួមប្រកួត។
ក្រុមបុរសកម្ពុជា បានឈានដល់វគ្គផ្តាច់ព្រ័ត្រដោយទទួលបានមេដាយ ប្រាក់ពិភពលោកជាលើកដំបូង។ ចំណែកក្រុមជម្រើសជាតិនារីកម្ពុជាគឺជាការឈ្នះមេដាយប្រាក់ពិភពលោក លើកទី២ បន្ទាប់ពីបានឈ្នះលើកទី១ កាលពីឆ្នាំ ២០២៤៕



