ក្រុមការងារអនុគណៈកម្មការ វាស់វែងកំណត់តម្រាយព្រំដីព្រែកជីកហ្វូណនតេជោបានបញ្ចប់ការបោះបង្គោលព្រំដី និងផ្ទៀងផ្ទាត់និយាមកា គម្រោងព្រែកជីកហ្វូណនតេជោទាំងស្រុងហើយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស,បានដឹកនាំ ក្រុម ការងារអន្តរក្រសួងចុះ ពិនិត្យផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោទាំងស្រុងហើយនៅព្រឹកថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៥ នេះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននៅទីតាំងចុងក្រោយ នៃការចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីបញ្ចប់ជាស្ថាពរ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងភូមិសាស្រ្តឆ្នេរ អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃសុក្រនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូន អំពីការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបាន សម្រេចរួចរាល់ទាំងស្រុងត្រឹមថ្ងៃនេះ។

ឯកឧត្តមបានឲ្យដឹងថាបង្គោលដែលត្រូវបោះលើតម្រាយនៃគម្រោងព្រៃជីកនេះសរុបទាំងអស់មានចំនួន ១៩២០ បង្គោល ដោយបានអនុវត្តក្នុងខេត្តកណ្ដាល ចំនួន ៣៨៧ បង្គោល នៅក្នុងខេត្ត តាកែវចំនួន ៥៥២ បង្គោល នៅក្នុងខេត្តកំពតមាន ៨០១បង្គោល និងនៅក្នុងខេត្តកែបមាន ១៨០ បង្គោលត្រូវបានបោះបញ្ចប់នៅថ្ងៃនេះគឺបង្គោលទី១៩២០ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រឆ្នេរអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្រោយការបញ្ចប់ការបោះបង្គោលព្រំដីព្រៃជីកនេះ រួចរាល់ក្រុម ការងារអនុគណៈកម្មការនិងផ្តល់ព័ត៌មាននេះជូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីបន្តការងារវាយតម្លៃនិងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។

ហើយបន្ទាប់ពីដោះស្រាយសំណងផលប៉ះពាល់ជូនប្រ ជាពលរដ្ឋដែលរស់នៅតាមតំរាយព្រែកជីកនេះបានរួច រាល់អស់ហើយក្រុមហ៊ុនសាងសង់នឹងនាំគ្រឿងចក្រចូលមកចាប់ផ្ដើមដំណើរការកសាងក្នុងទ្រង់ទ្រាយធំ តាមការគ្រោងទុក អាចនឹងចាប់ ផ្ដើមអនុវត្តនៅរដូវទឹកស្រកដើមរដូវប្រាំងខាងមុខនេះ យ៉ាងយូរក្នុងអំឡុងខែវិច្ឆិកាឬខែធ្នូនាចុឆ្នាំ ២០២៥នេះ ។

តាមការគូសបញ្ជាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលបានឲ្យដឹងថាបន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មកដល់ ពេលនេះ គម្រោងនេះត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ស្របទៅតាមផែនការដែលបានគ្រោងទុក ដោយរំពឹងថាគម្រោងកសាងព្រែកជីកដ៍មានសារៈសំខាន់ជាប្រវត្តុសាស្ត្រមួយនេះនឹងសម្រេចលទ្ធផលជាស្ថាពរនៅក្នុងឆ្នាំ២០២៨ខាងមុខ៕