ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ សហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់បង្កក់សិរីដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋ​លេខា​ធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​កាត់​សក់​ក្រោម​ប្រធាន​បទ «សក់ និង​សម្រស់ដើម្បី​មិត្តយើង» ដើម្បី​កាត់​សក់​ជូន​បងប្អូន​ប្រជាព​លរដ្ឋ​ក្នុង​មូល​ដ្ឋាន និងផ្សព្វ​ផ្សាយ​ពីគោល​នយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក។

កម្មវិធីកាត់សក់នេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិសត្ថារាម (ហៅវត្តពោធិ៍ចិនតុង) ស្ថិត​នៅ​ភូមិ​ប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យដែលមាន​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​កាត់សក់សរុបចំនួន ២៧៣រូប (ស្រី៧៨នាក់) នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ុល វិបុល បានពាំនាំនូវ​ការផ្តាំផ្ញើ​សួរ​សុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងជាប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ​ដល់​បងប្អូនប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក​ម្មវិធីនេះ ព្រមទាំងលើកទឹក​ចិត្តឱ្យ​ប្រជា​ពល​រដ្ឋ​ជឿ​ជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស​សមិទ្ធផលទាំងវិស័យនយោបាយ សេដ្ឋ​កិច្ច និងសង្គមកិច្ច។

លើសពីនេះ ឯកឧត្តម បានអំពាវ​នាវឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋទាំងអ​ស់ត្រូវបន្តស្មារតីជាតិនិយម ចូល​រួមការពារបូរណភាពទឹកដី ត្រូវមានឧត្តមគតិ មនសិការស្នេហាជាតិ ដើម្បី​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​នៃមហាសាមគ្គីជាតិដ៏​រឹងមាំ និងបង្ហាញ​ពីទឹក​ចិត្ត​ស្មារតីមោះមុត និងបន្ត​គាំទ្រ​កង​កម្លាំង​ប្រដាប់​អាវុធ​ជួរមុខ ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លានពានរបស់សត្រូវមកលើបូរណភាពដែនដីកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ បងប្អូន​ប្រជា​ពល​រដ្ឋ​បានអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព មាន​ការ​អភិ​វឌ្ឍ ហើយ​មាន​ថ្នាក់​ដឹក​នាំ​ក្រុម​ការងារចុះមូលដ្ឋាន និងអា​ជ្ញាធរ តែង​តែ​រៀប​ចំកម្ម​វិធីនេះ ដើម្បី​ឱ្យ​ពួក​គាត់​មា​នឱកាសជួបជុំគ្នា​យ៉ាង​សប្បា​យ​រីករាយ៕