ក្រុមការងាររបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និង កញ្ញា ប៉ាច គីមមួយ វិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មដោយមោទកភាព ក្នុងកម្មវិធី ASEAN Friendship Concert 2025

ភ្នំពេញ៖ ក្រុមការងាររបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) នៃក្រសួងព័ត៌មាន រួមទាំងសិល្បការិនីតំណាងកម្ពុជា កញ្ញា ប៉ាច គីមមួយ បានធ្វើមាតុភូមិនិវត្តន៍មកដល់ទីក្រុងភ្នំពេញវិញដោយសុវត្ថិភាពហើយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបានចូលរួម និងបញ្ចប់បេសកកម្មដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ (ASEAN Friendship Concert 2025) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

បេសកកម្មរយៈពេលប៉ុន្មានថ្ងៃនេះ បាននាំមកនូវកិត្តិយស និងមោទកភាពជាតិ តាមរយៈការសម្តែងដ៏លេចធ្លោរបស់កញ្ញា ប៉ាច គីមមួយ ដែលបានបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរទៅកាន់ឆាកតំបន់ ព្រមទាំងទទួលបានការកោតសរសើរ និងការសាទរយ៉ាងកក់ក្តៅពីសំណាក់ប្រតិភូ និងសិល្បករ សិល្បការិនីនៃបណ្តាប្រទេសអាស៊ាន និងដៃគូទាំងអស់។

ក្នុងនាមជាអ្នកនាំសារវប្បធម៌ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសក្នុងតំបន់ ស្របតាមមូលបទនៃកម្មវិធី “បទភ្លេងនៃសាមគ្គីភាព ចង្វាក់នៃមិត្តភាព”។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ឱកាសដ៏ថ្លៃថ្លានេះ និងសូមថ្លែងអំណរគុណដល់ដៃគួសហការឧបត្ថម្ភពីភេសជ្ជៈ វី-កូឡា ព្រមទាំងការគាំទ្រពីសំណាក់មហាជនទាំងអស់ ដែលបានរួមចំណែកធ្វើឲ្យបេសកកម្មលើកស្ទួយមុខមាត់ប្រទេសជាតិមួយនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានកិត្តិយស។