ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចដែលទទួលបានការលើកទឹកចិត្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃ ឭទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចដែលទទួលការលើកទឹកចិត្តក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤-២០២៥ មានដូចខាងក្រោម៖
១.គម្រោងទី១ គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាបរឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ របស់ក្រុមហ៊ុន EMPIRE ELECTRICAL CABLE CO., LTD. ដែលមានទុនវិនិយោគសរុប ២៥លានដុល្លារអាមេរិក។
២.គម្រោងទី២ គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូមក្រុមហ៊ុន (CAMBODIA KUNA NEW ENERGY CO., LTD) ដែលមានទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក។
៣.គម្រោងទី៣ គម្រោងរោងចក្រផលិត និងផ្គុំដំឡើងកៅអី ក្តាររំអិល សម្រាបជួល របស់ក្រុមហ៊ុន BO KANG INDUSTRY (CAMBODIA) CO, LTD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតនៅភូមិពូធឿង សង្កាត់បិតត្រាំង ភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានទុនវិនិយោគ ៣លានដុល្លាអាមេរិក។
៤.គម្រោងទី៤ រោងចក្រកែច្នៃដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុន HAULE STEEL តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានទុនវិនិយោគ ៤០លានដុល្លាអាមេរិក មានកម្មកសរុបចំនួន ៣០០នាក់ សាងសង់លើផ្ទៃដីចំនួន ១៦ហិកតា ក្រុមហ៊ុនមានគម្រោងពង្រីកជំហានទី៣ បន្ថែមទៀតនៅឆ្នាំ២០២៧ខាងមុខ។
៥.គម្រោងទី៥ គម្រោងរោងចក្រផលិតបំពង់ទីបដែកក្រុមហ៊ុន DEEP OIL FIELD CAMBODIA CO, LTD ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០លានដុល្លាអាមេរិក។
សូមបញ្ជាក់ជូនថា ថ្មីៗនេះនៅក្នុងកិច្ចប្រជុំពិភាក្សាបូកសរុប វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ” ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអោយដឹងថា រាជរដ្ឋាភិបាលនឹងបន្តជំរុញលើកទឹកចិត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគពីរឆ្នាំបន្តទៀតសម្រាប់ខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៧ ដើម្បីលើកទឹកចិត្តការអនុគ្រោះផ្នែកព័ន្ធ ការសម្របសម្រួល ការដោះស្រាយជាកញ្ចប់ដោយផ្តល់គោលការណ៍ ហើយក្រុម ការងាររបស់យើងត្រូវដោះ ស្រាយសម្រប សម្រួលឱ្យមានតម្លាភាព និងប្រសិទ្ធិភាព។



