ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រជុំពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០ លានដុល្លារ និង អាចបង្កើតការងារបានប្រមាណ ៨០០ កន្លែង
 
								នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការ វិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានប្រមាណ ៨០០កន្លែង ។
គម្រោងទាំងនេះ រួមមាន៖ គម្រោងចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្របដណ្តប់លើវិស័យ និង សកម្មភាពចម្រុះ មានជាអាទិ៍ សកម្មភាពផលិតកម្មនិង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក ។ កំពង់ផែពហុបំណងនេះ នឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និង សម្រាប់ភូមិភាគឦសានផង, ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និង ឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោ នាពេលអនាគត ។
បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ, ភូមិភាគឦសាន ក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ, ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និង វិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាព នៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេស នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ ក.វ.ឦសាន រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និង ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំងបួន ដែលមានភារកិច្ចសំខាន់ ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពិសេស របស់កម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ និង ជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និង ការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និង ការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និង ថែទាំវិនិយោគនៅភូមិភាគឦសាន ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និង អនុគណៈកម្មាធិការ វិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមាន ឬ មិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន, ស្តាប់អំពីកង្វល់/បញ្ហាប្រឈម, និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា “អ្នកដោះស្រាយបញ្ហា” មិនមែនជា “អ្នកបង្កបញ្ហា” ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង ការគាំទ្រសកម្ម ដល់ក.វ.ឦសាន ក្នុងការបំពេញតួនាទីជា “ច្រកចេញចូលតែមួយ” ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផ្តល់ដំណោះស្រាយជាកញ្ចប់ ដល់វិនិយោគិន និង ធានាឱ្យបានថា ក.វ.ឦសាន គឺជាដៃគូពិតប្រាកដរបស់វិស័យឯកជន ក្នុងការជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។
ដោយឡែក, នៅពេលដែលទទួលបានការលើកទឹកចិត្តពិសេសទាំងនេះ, វិនិយោគិនឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ ។
គួរបញ្ជាក់ជូនផងដែរថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។ តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។
គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥, ក.វ.ឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន ២១ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក ៕
 
  
  
  
  
  
  
 
 
			



